ថ្មីៗនេះ Berkshire Hathaway ដែលជាក្រុមហ៊ុនវិនិយោគ កាន់កាប់ដោយមហាសេដ្ឋីអាមេរិក Warren Buffet បានបន្តលក់ចេញភាគហ៊ុនចំនួន ១,៣៣ លានហ៊ុន ក្នុងតម្លៃ ២៦៧,៦៩ លានដុល្លារហុងកុង (៣៤,៤៣ លានដុល្លារ) នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD ។

បើតាមការចុះផ្សាយពី Asiafinancial បានបង្ហាញឱ្យដឹងថា ការលក់លើកចុងក្រោយនេះ បានកាត់បន្ថយការកាន់កាប់ភាគហ៊ុនរបស់ Berkshire សរុបនៅក្នុងក្រុមហ៊ុន BYD ដែលចុះបញ្ចីក្នុងផ្សារហ៊ុនហុងកុង មកនៅត្រឹម ១៤,៩៥% គិតត្រឹមថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ នេះ ដែលធ្លាក់ចុះពីចំនួន ១៥,០៧% ។
ក្រុមហ៊ុនរបស់មហាសេដ្ឋី Buffett បាននិងកំពុងធ្វើការកាត់បន្ថយភាគហ៊ុនរបស់គាត់យ៉ាងច្រើន នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងអាគុយរបស់ចិន នៅឆ្នាំនេះ ដោយការលក់ភាគហ៊ុនដំបូង របស់ Berkshire ត្រូវគេរាយការណ៍ថា បានធ្វើឡើង នៅក្នុងខែសីហា ។

នេះគឺជាលើកទីមួយ ហើយដែលក្រុមហ៊ុន Berkshire Hathaway បានកាត់បន្ថយភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុនផលិតរថយន្ត ដែលកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយ ខណ:ភាគហ៊ុនសរុបរបស់ក្រុមហ៊ុនអាមេរិក នៅក្នុង BYD នៅមុនពេលលក់ មានចំនួនរហូតដល់ ២០,៤៩% ឯណោះ ៕