ថ្មីៗនេះ យោងតាមសារព័ត៌មានធំៗជាច្រើន បានបង្ហាញថាប្រទេសវៀតណាម បានយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ក្នុងការទទួលយកជំនួយទឹកប្រាក់ ១៥,៥ ពាន់លានដុល្លារ ពីក្រុមប្រទេសសេដ្ឋកិច្ចធំៗ G7 ដើម្បីជួយប្រទេសអាស៊ានមួយនេះ ពន្លឿនលើការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ។
បើតាមការចុះផ្សាយពី Reuters បានបង្ហាញថា កិច្ចព្រមព្រៀងដ៏ធំនេះ នឹងក្លាយជាកិច្ចព្រមព្រៀងទី ៣ ដែលក្រុមប្រទេស G7 សម្រេចបាន ក្នុងគោលបំណងដើម្បីជួយប្រទេសក្រីក្រទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរទៅរកថាមពលស្អាត ជំនួសវិញ ។
គួរឱ្យដឹងថា ក្រៅពីវៀតណាម G7 បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះរួចមកហើយ កាលពីឆ្នាំមុនជាមួយប្រទេសអាហ្រ្វិកខាងត្បូង និងជាមួយឥណ្ឌូនេស៊ី កាលពីខែមុន ។
រំលឹកផងដែរថា វៀតណាម ដែលជាប្រទេសស្ថិតនៅក្នុងចំណោម អ្នកប្រើប្រាស់ធ្យូងថ្ម ធំបំផុតទាំង ២០ លើពិភពលោក ដែលដំបូងឡើយ កិច្ចព្រមព្រៀងមួយនេះ ត្រូវបានគេរំពឹងថានឹងត្រូវចុះហត្ថលេខាជាមួយ G7 ក្នុងអំឡុងកិច្ចប្រជុំកំពូល COP27 នៅខែវិច្ឆិកា ប៉ុន្តែត្រូវបានអាក់ខានវិញ មុនកិច្ចប្រជុំចាប់ផ្តើម ។
ដើម្បីអាចបញ្ចុះបញ្ចូលវៀតណាម ឱ្យទទួលយកកិច្ចព្រមព្រៀងនេះបាន ក្រុម G7 ដែលដឹកនាំដោយសហភាពអឺរ៉ុប និងអង់គ្លេស បានព្យាយាមបង្កើនចំនួនថវិកាជំនួយ ដល់រដ្ឋាភិបាលទីក្រុងហាណូយម្តងហើយម្តងទៀត ។
ហើយនៅទីបំផុត វៀតណាមបានសម្រេចយល់ព្រមតាមសំណើនេះ ដោយចំនួនទឹកប្រាក់ដំបូងយ៉ាងហោចណាស់ ១៥,៥ ពាន់លានដុល្លារ នឹងត្រូវបានផ្តល់ជូនសម្រាប់រយ:ពេល ៣ ទៅ ៥ ឆ្នាំខាងមុខ ដោយពាក់កណ្តាលនៃចំនួនទឹកប្រាក់នេះ គឺទទួលបានពីវិស័យសាធារណ: និងចំនួនសេសសល់ ទទួលបានពីអ្នកវិនិយោគឯកជន ៕