ហានិភ័យនៃការកើតមានវិបត្តិសេដ្ឋកិច្ចសកល គឺជារឿងដែលមិនអាចមើលស្រាលបាន ខណៈក្រុមហ៊ុនធំៗមួយចំនួនចាប់ផ្ដើមប្រកាស កាត់បន្ថយការចំណាយរបស់ពួកគេដូចជា បញ្ឈប់បុគ្គលិកមួយភាគតូច ត្រៀមទឹកប្រាក់ចំណាយពេលវិបត្តិសេដ្ឋកិច្ចកើតឡើង។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនដឹកជញ្ជូនអាហារធំបំផុតនៅអាស៊ាន Grab ក៏បានប្រកាសដែរថា នឹងកាត់បន្ថយការចំណាយផ្សេងៗ ដើម្បីត្រៀមទប់ទល់នឹងបញ្ហាម៉ាក្រូសេដ្ឋកិច្ចដែលមានសភាពមិនប្រក្រតី។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា Grab នឹងកាត់បន្ថយការចំណាយដូចជា ផ្អាកការរើសបុគ្គលិកបណ្ដោះអាសន្ន បង្កកប្រាក់ខែអ្នកគ្រប់គ្រងជាន់ខ្ពស់ កាត់បន្ថយការចំណាយលើគម្រោងចំណាយ និងការកម្សាន្តជាដើម។

សូមជម្រាបដែរថា បច្ចុប្បន្ន Grab មានក្រុមហ៊ុននៅប្រទេសចំនួន ៨ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងមានបុគ្គលិកប្រមាណ ៨ ៨០០ នាក់ គិតត្រឹមចុងឆ្នាំ ២០២១៕