កាលពីល្ងាចថ្ងៃទី ១៤ ធ្នូកន្លងទៅ បុត្រីច្បងរបស់ស្ដេចថៃ King Maha Vajiralongkorn ព្រះនាង Bajrakitiyabha Narendira Debyavati ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីទ្រង់បានដួលសន្លប់ អំឡុងពេលចេញបណ្ដើរឆ្កែរបស់ទ្រង់។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ព្រះនាងបានបង្វឹកឆ្កែរបស់ទ្រង់នៅភាគឦសាន ខេត្តនគររាជសីមា មុនការប្រកួត Thailand Working Dog Championship ដែលរៀបចំឡើងដោយកងទ័ពភូមិន្ទថៃ សម្រាប់ឆ្នាំ ២០២២។

“អំឡុងពេលបង្វឹកឆ្កែ ព្រះនាងបានដួលសន្លប់ ដោយសារបញ្ហាបេះដូង”។ នេះបើតាមការបញ្ជាក់ពីការិយាល័យរាជវង្ស បានប្រាប់សាធារណជនកាលពីថ្ងៃព្រហស្បតិ៍។

សូមជម្រាបដែរថា ព្រះនាង Bajrakitiyabha បានទទួលការព្យាបាលដំបូងនៅមន្ទីរពេទ្យ Pak Chong Nana ក្នុងខេត្តនគររាជសីមា ហើយបន្ទាប់ពីស្ថានភាពរបស់ទ្រង់មានស្ថេរភាព ព្រះនាងត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ ដើម្បីព្យាបាលបន្ថែមនៅមន្ទីរពេទ្យ Chulalongkorn ក្នុងទីក្រុងបាងកក និងកំពុងសម្រាកព្យាបាលនៅទីនោះ៕