ថ្មីៗនេះ ប្រាក់កម្ចីចំនួន ៥០ លានដុល្លារ ត្រូវបានអនុម័តដោយធនាគារអភិវឌ្ឍអាស៊ី (ADB) សម្រាប់ផ្តល់ជូនដល់ប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីគាំទ្រដល់កម្មវិធីផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលស្អាត របស់ប្រទេសនៅអាស៊ានមួយនេះ។ នេះបើយោងតាមការចុះផ្សាយពី VNA ។
ADB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី ១៥ ខែធ្នូថា កម្មវិធីអភិវឌ្ឍលើវិស័យថាមពលរបស់កម្ពុជា នឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយប្រាក់កម្ចីចំនួន ៤០ លានដុល្លារ ពីធនធាសម្បទានរបស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារផ្សេងទៀត នឹងទទួលបានពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមជំនួយហិរញ្ញវត្ថុបៃតងរបស់អាស៊ាន ។
មិនតែប៉ុណ្ណោះ សម្រាប់កម្មវិធីនេះ គឺមានការគាំទ្រជាពិសេសចំពោះការផ្លាស់ប្តូរថាមពលរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីឆ្ពោះទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល ដើម្បីអាចងាកចេញឆ្ងាយពីការប្រើប្រាស់ឥន្ធន:ហ្វូស៊ីល ។
តាមសេចក្តីប្រកាសរបស់ ADB បានបង្ហាញឱ្យដឹងទៀតថា ប្រាក់កម្ចីនេះ នឹងផ្តល់ការវិនិយោគទៅលើគម្រោង ដើម្បីលើកកម្ពស់បច្ចេកវិទ្យាថាមពលថ្មីៗ រួមទាំងការអភិវឌ្ឍលើប្រព័ន្ធផ្ទុកថាមពលដំបូង ដែលអាចភ្ជាប់ទៅកាន់បណ្តាញអគ្គិសនី នៅក្នុងប្រទេសថែមទៀតផង ។
ការវិនិយោគនេះ ក៏រួមបញ្ចូលផងដែរ នូវការដាក់ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ ដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការបំភ្លឺនៅទូទាំងក្រុង ក្នុងខេត្តកំពត និងខេត្តកែប ដើម្បីបង្ហាញពីការចូលរួមក្នុងការសន្សំសំចៃការចំណាយលើថាមពល និងអត្ថប្រយោជន៍ សម្រាប់វិស័យទេសចរណ៍ និងសុវត្ថិភាពសារធារណ:៕