ឡាវ កើបលុយបានជាង ១,៧ ពាន់លានដុល្លារ ពីការនាំចេញអគ្គិសនី ក្នុងឆ្នាំ ២០២២ នេះ

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសឡាវ បានរាយការណ៍ឱ្យដឹងថា ប្រទេសរបស់ខ្លួន រកប្រាក់ចំណូលបានជាង ១,៧៦ ពាន់លានដុល្លារ ពីការនាំចេញអគ្គិសនី នៅក្នុងឆ្នាំ ២០២២ នេះ ពោលគឺបានកើនឡើង ៧,៥% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពខាងលើ បានអះអាងបន្ថែមថា សម្រាប់ឆ្នាំ ២០២៣ ខាងមុខ រដ្ឋាភិបាលឡាវ បានកំណត់យកគោលដៅ ក្នុងការបង្កើនថាមពលរបស់ខ្លួន យ៉ាងហោចណាស់ឱ្យបាន ៥១ ១៣៤ លានគីឡូវ៉ាត់ម៉ោង ដែលស្មើនឹងចំនួនទឹកប្រាក់ ២,៤ ពាន់លានដុល្លារ កើនឡើង ៧១,៧៧% ពីឆ្នាំនេះ ។

គួរឱ្យដឹងផងដែរថា ប្រទេសឡាវបច្ចុប្បន្ន បានលក់ចេញថាមពលអគ្គិសនីរបស់ខ្លួន ទៅកាន់ប្រទេសថៃ​ កម្ពុជា សិង្ហបុរី និងចិន ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលឡាវ ក៏គ្រោងនឹងបន្តធ្វើការចរចា និងលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសជិតខាងបន្ថែមទៀត ដើម្បីផ្លាស់ប្តូរអគ្គិសនីតាមរយ:ព្រព័ន្ធ “បណ្តាញមួយទៅបណ្តាញមួយ” ដើម្បីជួយដោះស្រាយការខ្វះខាតថាមពលអគ្គិសនី នៅរដូវប្រាំង និងស្តុកទុកថាមពលបន្ថែម នៅរដូវវស្សា ។

បន្ថែមពីនេះ នៅក្នុងអំឡុងឆ្នាំ ២០២១ ដល់ ២០២៥ ប្រទេសឡាវ គ្រោងនឹងផលិតថាមពលអគ្គិសនី ឱ្យបានចំនួន ១,៨០៧ មេហ្គាវ៉ាត់ ដែលក្នុងនោះ មាន ៥៧% យកពីវារីអគ្គិសនី , ១៩% យកពីថាមពលដុតកម្តៅដោយធ្យូងថ្ម និង ២៤% ទៀត យកពីថាមពលពន្លឺព្រះអាទិត្យ ។

ជម្រាបផងដែរថា បច្ចុប្បន្នឡាវមានរៅងចក្រថាមពល ចំនួន ៩០ នៅទូទាំងប្រទេស ដែលមានសមត្ថភាពផលិតអគ្គិសនីសរុបបាន ១១ ០០០ មេហ្គាវ៉ាត់ ដោយក្នុងនោះរួមមាន រោងចក្រវារីអគ្គិសនីចំនួន ៧៧ កន្លែង រោងចក្រថាមពលពន្លឺព្រះអាទិត្យចំនួន ៨ កន្លែង រួមទាំងរោងចក្រថាមពលជីវម៉ាសចំនួន ៤ និងរោងចក្រថាមពលធ្យូងថ្មចំនួន ១ ផងដែរ ៕