ក្រុមហ៊ុន Royal Group of Companies ដែលគ្រប់គ្រងដោយមហាសេដ្ឋី Asok Kumar Hinranandani គឺកំពុងទិញយកអគារ Ming Arcade ដែលស្ថិតនៅសង្កាត់ពាណិជ្ជកម្ម Orchard Road ក្នុងតម្លៃប្រមាណ ១៧២ លានដុល្លារសាំងហ្គាពួរ ឬ ១២៦,៦ លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា តម្លៃខាងលើបានបង្កើតកំណត់ត្រាថ្មី សម្រាប់ការទិញយកអគារពាណិជ្ជកម្មនៅសិង្ហបុរី ដោយសារវាមានតម្លៃថ្លៃបំផុត ពោលប្រមាណ ៣ ១២៥ ដុល្លារសាំងហ្គាពួរ/ហ្វីតការ៉េ ឬជាង ២ ម៉ឺនដុល្លារ/ម៉ែត្រការ៉េ។

សូមជម្រាបដែរថា Ming Arcade គឺជាអគារពាណិជ្ជកម្មមួយ ដែលឡោមព័ទ្ធទៅដោយសំណង់អាគារធំៗជាច្រើនដូចជា សណ្ឋាគារ Four Seasons Hotel និង St Regis Hotel & Residences ក៏ដូចជាខន់ដូទំនើបជារាប់មិនអស់ថែមទៀត។
ដោយឡែក មេធំ Royal Group វិញ គឺត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីមានបំផុតមួយរូបនៅសិង្ហបុរី ដោយជាប់លេខរៀងទី ២៥ នៃតារាងអ្នកមានដាច់គេប្រចាំប្រទេស ជាមួយទ្រព្យសម្បត្តិប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក៕