បច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងហានិភ័យជាខ្លាំង ដោយសារវិបត្តិអតិផរណាសកលក៏កំពុងមានការគម្រាមកំហែង ចំពេលសង្គ្រាមនៅអ៊ុយក្រែនក៏កំពុងស្ថិតក្នុងសភាពរ៉ាំរ៉ៃមិនទាន់មានការធូរស្រាលនៅឡើយ។

បើទោះជាហានិភ័យនៃការកើតមានវិបត្តិសេដ្ឋកិច្ចក្ដី ប៉ុន្តែចំនួនមហាសេដ្ឋីនៅអង់គ្លេសនៅតែបន្តកើនឡើងឥតឈប់ឈរ ពោលគិតតាំងពីការផ្ទុះជំងឺកូវីដ ១៩ កាលពីឆ្នាំ ២០២០ មកទល់ពេលនេះ ចំនួនមហាសេដ្ឋីអង់គ្លេសកើនឡើងដល់ទៅ ២០%។
យោងតាមរបាយការណ៍ផ្ដល់ឲ្យដោយអង្គការ The Equality Trust បានបង្ហាញថា ចំនួនមហាសេដ្ឋីនៅអង់គ្លេសបានកើនឡើងពី ១៤៧ ដល់ ១៧៧ នាក់ ចន្លោះឆ្នាំ ២០២០ ដល់ ២០២២ ខណៈទ្រព្យសម្បត្តិជាមធ្យមរបស់ពួកគេមានប្រហែល ២ ពាន់លានដុល្លារ។

ប្រភពដដែលបន្ថែមទៀតថា ចំនួនមហាសេដ្ឋីអង់គ្លេសបានកើនឡើងច្រើនជាង ១០ ដងក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយ ពោលកាលពីឆ្នាំ ១៩៩០ អង់គ្លេសមានមហាសេដ្ឋីតែ ១៥ នាក់ប៉ុណ្ណោះ៕