កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Joe Tsai សហស្ថាបនិក Alibaba បានប្រកាសលក់ភាគហ៊ុន ៨% នៃក្រុមហ៊ុនលក់ទំនិញអនឡាញខ្នាតយក្ស ខណៈលោកក៏ជាម្ចាស់ភាគហ៊ុនធំមួយរូបប្រចាំ Alibaba ផង។ នេះបើតាមការចុះផ្សាយពី Forbes។

ប្រភពដដែលបន្ថែមថា លោក Tsai បានសម្រេចជ្រើសរើសក្រុមហ៊ុន Morgan Stanley សម្រាប់ប្រតិបត្តិការលក់ភាគហ៊ុន Alibaba របស់លោកប្រមាណ ៣ លានហ៊ុននៅលើផ្សារហ៊ុន New York Stock Exchange។
បើសិនជាការលក់ប្រព្រឹត្តទៅរលូន នោះសហស្ថាបនិក Alibaba នឹងទទួលបានប្រាក់ប្រមាណ ២៦៣ លានដុល្លារមុនពេលទូទាត់ពន្ធ ដោយគិតតាមហាងឆេងផ្សារហ៊ុនកាលពីថ្ងៃសុក្រ ដែលពេលនោះតម្លៃហ៊ុន Alibaba មានតម្លៃ ៨៧,៥៥ ដុល្លារ/ហ៊ុន។

សូមជម្រាបបន្ថែមថា Forbes បានអះអាងថា ភាគហ៊ុនសរុបរបស់លោក Tsai នៅក្រុមហ៊ុន Alibaba មានតម្លៃប្រហែល ២,១ ពាន់លានដុល្លារមុនពេលប្រកាសលក់ ខណៈទ្រព្យសម្បត្តិសរុបរបស់លោកមានប្រមាណ ៨,៣ ពាន់លានដុល្លារអាមេរិក៕