មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានទម្លាយថា សេដ្ឋកិច្ចនៃប្រទេសកម្ពុជានឹងបន្តកើនឡើងរហូតដល់ ៥% សម្រាប់ឆ្នាំ ២០២២ ហើយសម្រាប់ឆ្នាំ ២០២៣ វានឹងបន្តផ្ដល់សញ្ញាវិជ្ជមានរហូតដល់ ៥,៤%។ នេះបើតាមការចុះផ្សាយពី CNA។


ប្រភពដដែលបន្ថែមថា បើទោះជាមានការរឹតត្បិត និងតម្រូវការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិដូចជា តំបន់អឺរ៉ុប សហរដ្ឋអាមេរិក និងចិនក៏ដោយ ប៉ុន្តែការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជាមិនសូវទទួលរងឥទ្ធិពលឡើយ ដោយសារការគាំទ្រគោលនយោបាយ និងការងើបឡើងនៃវិស័យទេសចរណ៍។

យ៉ាងណា វាក៏អាចប្រឈមនឹងការរាំងស្ទះមួយចំនួនដូចជា ការកើនឡើងនៃតម្លៃទំនិញ និងហេតុផលមួយចំនួនទៀត ដែលបង្អាក់កំណើនសេដ្ឋកិច្ចកម្ពុជា ស្របពេលវិបត្តិអតិផរណាសកលកំពុងទទួលការគម្រាមកំហែងដូចគ្នា។

IMF ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតិផរណាបានកើនឡើងដោយសារតែការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងជី ខណៈពេលដែលតម្រូវការផលិតផលពីប្រទេសកម្ពុជា ដែលជាមជ្ឈមណ្ឌលផលិតវាយនភ័ណ្ឌ និងស្បែកជើង សម្រាប់ម៉ាកយីហោពិភពលោកធំៗបានធ្លាក់ចុះនៅក្នុងឆមាសទីពីរ នៃឆ្នាំ ២០២២ ដូចទីផ្សារអចលនទ្រព្យផងដែរ។

បន្ថែមពីនោះ IMF ព្យាករថា អត្រាអតិផរណាអាចនឹងឡើងដល់ចំណុចកំពូលនាឆ្នាំនេះ ប៉ុន្តែនឹងធ្លាក់ចុះវិញនាឆ្នាំ ២០២៣ ស្របពេលពួកគេអះអាងថា វាអាចនឹងមានហានិភ័យខ្ពស់ ចំពោះទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ពួកគេសម្រាប់កម្ពុជា៕