ប្រទេសកាតា ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដណ្ដើមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 បានចំណាយទឹកប្រាក់រាប់រយពាន់លានដុល្លារ ក្នុងការសាងសង់កីឡដ្ឋាន និងបង្កើតទីក្រុងថ្មីស្រឡាងមួយ។

ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ ត្រូវបានគេចាត់ទុកជាប្រទេសអ្នកមានបំផុតមួយលើលោក ដោយសារតែធនធានប្រេងដ៏សំបើម គួបផ្សំជាមួយនឹងអណ្ដូងឧស្ម័នធម្មជាតិលើសលុបផង។ នេះបើតាមការចុះផ្សាយពី Britannica។

ដោយសារធនធានប្រេងដ៏សំបូរបែបនេះហើយ ទើបធ្វើឲ្យប្រជាជនកាតាទទួលបានកម្រិតជីវភាពខ្ពស់ និងប្រព័ន្ធសេវាកម្មសង្គម ដែលត្រូវបានបង្កើតឡើងយ៉ាងល្អ ហើយ IMF ថែមទាំងបញ្ជាក់ទៀតថា កាតាជាប្រទេសដែលមាន GDP ខ្ពស់បំផុតលើលោក។

សូមជម្រាបដែរថា យោងតាមរបាយការណ៍ពីធនាគារពិភពលោកកាលពីឆ្នាំ ២០២១ បានបង្ហាញថា GDP ប្រជាជនកាតាគឺ ៦១ ២៧៦ ដុល្លារ ខណៈ GDP សរុបវិញគឺមានរហូតដល់ ១៧៩,៦ ពាន់លានដុល្លារ។

ដោយឡែក ប្រជាជនដែលកំពុងរស់នៅប្រទេសកាតាមានប្រហែល ៣ លាននាក់ ខណៈច្រើនជាងពាក់កណ្ដាល គឺជាជនបរទេស ដែលនេះគឺជាមូលហេតុធ្វើឲ្យកាតាក្លាយជាគោលដៅធំបំផុតទី ២ សម្រាប់សមាមាត្រជនអន្តោប្រវេសន៍ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសជិតខាង។

ជនបរទេសភាគច្រើនដែលកំពុងរស់នៅប្រទេសកាតាមាន ជនជាតិឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថាន៕