កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលតៃវ៉ាន់បានទម្លាយថា ពួកគេនឹងធ្វើការផាកពិន័យទៅកាន់ក្រុមហ៊ុន Foxconn អ្នកផ្គត់ផ្គង់ និងផលិតទូរស័ព្ទ iPhone សម្រាប់ Apple ជុំវិញបញ្ហាការវិនិយោគដោយគ្មានការអនុញ្ញាតជាមួយក្រុមហ៊ុនផលិតបន្ទះឈីបចិន។

យោងតាមការចុះផ្សាយពី Nikkei Asia បានឲ្យដឹងថា បច្ចុប្បន្នតៃវ៉ាន់កំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់មែនទែន ជាមួយនឹងមហិច្ឆតាចង់ពង្រីកខ្លួនលើវិស័យបច្ចេកវិទ្យារបស់ចិន ជាពិសេសលើការបង្កើនការផលិតបន្ទះឈីប ដែលតៃវ៉ាន់អះអាងថា ចិនកំពុងលួចបច្ចេកវិទ្យាឈីបរបស់ពួកគេ។
ដោយឡែក រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់បានបង្ហើបថា ពួកគេនឹងធ្វើការចោទសួរទៅកាន់ Foxconn ជុំវិញការវិនិយោគដែលមិនទទួលបានការអនុញ្ញាតមួយនេះ ខណៈគ្រប់ការវិនិយោគបរទេសទាំងអស់ ត្រូវតែឆ្លងកាត់ក្រសួងជាមុន។

សូមជម្រាបថា ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple និងជាក្រុមហ៊ុនផលិត iPhone បានលាតត្រដាងកាលពីខែកក្កដាថា ខ្លួនគឺជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនឈីបចិន Tsinghua Unigroup ។
មនុស្សដែលធ្លាប់ដឹងពីបញ្ហានេះបានប្រាប់ Reuters ថា Foxconn មិនបានស្វែងរកការយល់ព្រម ពីរដ្ឋាភិបាលតៃវ៉ាន់មុនពេលការវិនិយោគនេះត្រូវបានធ្វើឡើងឡើយ ហើយអាជ្ញាធរជឿថា វាបំពានច្បាប់គ្រប់គ្រងទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយប្រទេសចិន៕