ក្រុមហ៊ុនទូរស័ព្ទខ្នាតយក្សរបស់ចិន Xiaomi បានបង្ហើបថា ពួកគេនឹងចាប់ផ្ដើមកាត់បន្ថយបុគ្គលិកនៅតាមផ្នែកមួយចំនួន ប្រហែល ១៥% នៃចំនួនបុគ្គលិកសរុប។ នេះបើតាមការចុះផ្សាយពី SCMP។

គិតត្រឹមចុងខែកញ្ញា Xiaomi មានបុគ្គលិកសរុប ៣៥ ៣១៤ នាក់ ហើយបើសិនកាត់បន្ថយបុគ្គលិក ១៥% មែន នោះមនុស្សច្រើនជាង ៥ ០០០ នាក់នឹងបាត់បង់ការងារ រាប់បញ្ចូលទាំងបុគ្គលិកថ្មីថ្មោងដែលធ្វើការនៅទីនោះមិនទាន់បានមួយឆ្នាំស្រួលបួលផង។
ដំណឹងនៃការបណ្ដេញបុគ្គលិករាប់ពាន់នាក់នេះ ផ្ទុះឡើងចំពេល Xiaomi រាយការណ៍ថា ប្រាក់ចំណូលត្រីមាសទី ៣ បានធ្លាក់ចុះជិត ១០% ដោយសារការរឹតបន្តឹងវិធានការកូវីដ ១៩ និងតម្រូវការអតិថិជនមានតិច ស្របពេលការលក់ប្រចាំឆ្នាំធ្លាក់រហូតដល់ ១១%។

យ៉ាងណាមកទល់ពេលនេះ Reuters នៅមិនទាន់អាចសុំការបំភ្លឺពី Xiaomi ជុំវិញបញ្ហាខាងលើនេះបាននៅឡើយទេ៕