ធនាគារពិភពលោក World Bank បានធ្វើការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៃប្រទេសចិនម្ដងទៀត ខណៈកាលពីខែមិថុនាពួកគេធ្លាប់សន្និដ្ឋានម្ដងថា សេដ្ឋកិច្ចចិននឹងកើនឡើង ៤,៣% នាឆ្នាំនេះ។

យ៉ាងណា សម្រាប់ការព្យាករណ៍ថ្មីនេះមានការខុសប្លែកពីលើកមុន ពោល World Bank បញ្ជាក់ថា កំណើនសេដ្ឋកិច្ចចិនឆ្នាំនេះ នឹងអាចកើនតែត្រឹម ២,៧% ប៉ុណ្ណោះ ដោយសារតែការផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ម្ដងទៀត ស្របពេលវិបត្តិអចលនទ្រព្យកំពុងដុនដាបខ្លាំង។ នេះបើតាមការចុះផ្សាយពី CNA។
ពួកគេថែមទាំងសន្និដ្ឋានទៀតថា បើសិនជាស្ថានការណ៍នៅតែបន្តបែបនេះ កំណើនសេដ្ឋកិច្ចរបស់ចិននាឆ្នាំក្រោយក៏អាចនឹងធ្លាក់ចុះដល់ ៤,៣% ផងដែរ ខណៈកាលពីខែមិថុនា World Bank អះអាងថា សេដ្ឋកិច្ចនៅចិនអាចកើនដល់ជាង ៨% នាឆ្នាំ ២០២៣។

សូមជម្រាបដែរថា មិនមែនមានតែចិនទេដែលកំពុងជួបហានិភ័យនៃការងើបឡើងយឺតនៃកំណើនសេដ្ឋកិច្ច ដ្បិតប្រទេសឯទៀតក៏ដូចគ្នាដែរ ដោយសារសេដ្ឋកិច្ចពិភពលោកកំពុងទទួលរងការគំរាមកំហែង ព្រោះតែការរាតត្បាតជំងឺកូវីដ ១៩ ផង និងសង្គ្រាមនៅអ៊ុយក្រែនផង៕