ទំនប់វារីអគ្គិសនីធំបំផុតទី ២ លើលោកបានលេចវត្តមានជាផ្លូវការ ក្រោយគម្រោងសាងសង់ចំណាយអស់រយៈពេលជាង ៥ ឆ្នាំនៅឯទន្លេ Yangtze។ នេះបើតាមការចុះផ្សាយពី CNA។

ទំនប់វារីអគ្គិសនី Baihetan គឺបំពាក់ជាមួយនឹងទួរប៊ីនទំហំ ១ ជីហ្គាវ៉ាត់ ចំនួន ១៦ ដែលធ្វើឲ្យវាក្លាយជាកន្លែងផលិតវារីអគ្គិសនីធំបំផុតទី ២ នៅក្នុងប្រទេស និងលើពិភពលោក បន្ទាប់ពីគម្រោងឈ្មោះ Three Gorges Project ដែលស្ថិតលើទន្លេ Yangtze ដូចគ្នា។

គម្រោងដែលទើបបញ្ចប់ការសាងសង់ថ្មីៗនេះ ត្រូវបានគេសន្និដ្ឋានថាអាចផលិតអគ្គិសនីបាន ៦២,៤៤ ពាន់លានគីឡូវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំ និងអាចជួយកាត់បន្ថយការប្រើធ្យូងបាន ៩០,៤៥ លានតោន ជាពិសេសកាត់បន្ថយការបំភាយឧស្ម័នពុលបាន ២៤៨,៤ លានតោនជារៀងរាល់ឆ្នាំទៀតផង។ នេះបើតាមការអះអាងពី CCTV។

គួររំលឹកដែរថា គម្រោង Baihetan គឺចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ ២០១៧ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧០ ពាន់លានយ៉ន់ ឬជាង ២៤ ពាន់លានដុល្លារ ហើយដោយសារវាមានទីតាំងនៅកៀកនឹងភាគខាងកើតនៃប្រទេសចិន ដូច្នេះវាមានតួនាទីផ្គត់ផ្គង់អគ្គិសនីទៅកាន់ទីក្រុងទូទាំងប្រទេសដែលនៅភាគខាងកើត៕