ប្រទេសវៀតណាម នៅក្នុងពេលថ្មីៗនេះ បានឡើងមកជំនួសតំណែងរបស់ចក្រភពអង់គ្លេស នៅក្នុងនាមជាដៃគូពាណិជ្ជកម្មធំបំផុតទី ៧ របស់សហរដ្ឋអាមេរិក សម្រាប់រយ:ពេល ១០ ខែដំបូង ឆ្នាំ ២០២២ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Vietnam Express ។
មិនតែប៉ុណ្ណោះ បើតាមទិន្នន័យដែលត្រូវបានដកស្រង់ដោយ Bloomberg បានបង្ហាញឱ្យដឹងទៀតថា ចំណែកនៃការធ្វើពាណិជ្ជកម្មលើផ្នែកទំនិញរបស់សហរដ្ឋអាមេរិក ជាមួយវៀតណាម បានកើនឡើងដល់ ២,៧% ក្នុងអំឡុងរយ:ពេល ១០ ខែមកនេះ ស្របពេលការជួញដូរទំនិញរវាងចក្រភពអង់គ្លេស បានធ្លាក់មកនៅត្រឹម ២,៦% ប៉ុណ្ណោះ ។
គួរឱ្យដឹងថា ក្នុងរយ:ពេលជិត ២០ ឆ្នាំមកនេះ ប្រទេសដែលជាដៃគូពាណិជ្ជកម្មកំពូលទាំង ៧ របស់សហរដ្ឋអាមេរិក គឺកាណាដា ម៉ិកស៊ិក ចិន ជប៉ុន អាល្លឺម៉ង់ កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស។
រំលឹកផងដែរថា វៀតណាមមិនធ្លាប់បានបង្ហាញខ្លួន នៅក្នុងបញ្ជីកំពូលទាំង ១៥ ក្នុងនាមជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាមេរិកនោះឡើយ រហូតទើបតែដល់ឆ្នាំ ២០១៩ ប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ បានចាប់ផ្តើមបង្កើនសមត្ថភាពរបស់ខ្លួន និងថែមទាំងបានហក់ឡើងមកឈរនៅចំណាត់ថ្នាក់លេខ ១០ ជាលើកដំបូង កាលពីឆ្នាំមុនថែមទៀតផង។
ហើយយ៉ាងណាមិញ ប្រសិនបើវៀតណាម នៅតែបន្តនាំមុខទៅលើចក្រភពអង់គ្លេស នៅមុនដំណាច់ឆ្នាំ ២០២២ នេះ នោះមានន័យថា វាជាលើកដំបូងហើយក្នុងប្រវត្តិសាស្រ្ត ដែលដៃគូពាណិជ្ជកម្មធំបំផុតទី ៧ របស់សហរដ្ឋអាមេរិក គឺជាប្រទេសដែលមកពីតំបន់អាស៊ានមួយនេះ។
ទន្ទឹមនឹងនេះ ទិន្នន័យផ្លូវការមួយរបស់វៀតណាម បានបង្ហាញថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួន ក្នុងរយ:ពេល ១១ ខែដំបូងឆ្នាំ ២០២២ នេះ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ១០១,៥ ពាន់លានដុល្លារ ពោលគឺបានកើនឡើង ១៨% ពីមួយឆ្នាំទៅមួយឆ្នាំ ៕