យោងតាមការឱ្យដឹងពីសហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយកាលពីថ្ងៃទី ២០ ខែធ្នូថា ផលិតកម្មរថយន្ត នៅក្នុងប្រទេសរបស់ខ្លួន បានកើនឡើងរហូតដល់ ១៥% នៅខែវិច្ឆិកា ក្នុងចំនួន ១៩០ ១៥៥ គ្រឿង បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែមានភាពប្រសើឡើង ក្នុងការផ្គត់ផ្គង់បន្ទះឈីប។
មិនតែប៉ុណ្ណោះ បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញទៀតថា សម្រាប់ខែនេះវិញ ការនាំចេញរថយន្តរបស់ថៃ បានធ្លាក់ចុះ ១០,៩៨% បន្ទាប់ពីមានការកើនឡើង ១៥,៥% នៅក្នុងខែតុលា ស្របពេលលោក Surapong Paisitpattanapong អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ FTI បានកើនឡើងថា ការធ្លាក់ចុះនេះ គឺដោយសារតែកង្វះខាតកន្លែង សម្រាប់ផ្ទុករថយន្ត ដែលត្រូវដឹកជញ្ជូនចេញទៅក្រៅប្រទេស ។
លើសពីនេះ សម្រាប់ការលក់រថយន្ត នៅក្នុងស្រុក ក្នុងខែវិច្ឆិកា ក៏បានធ្លាក់ចុះ ៤,៧៩% ផងដែរ ពោលគឺមកនៅត្រឹមចំនួន ៦៨ ២៨៤ គ្រឿង ដោយសារតែរងផលប៉ះពាល់ដោយទឹកជំនន់ នៅក្នុងតំបន់មួយចំនួន ក្នុងប្រទេស ។
ជម្រាបជូនផងដែរថា ប្រទេសថៃ ត្រូវបានចាត់ទុកថាជាមូលដ្ឋានផលិតកម្ម និងនាំចេញរថយន្តដ៏ធំមួយ នៅក្នុងតំបន់ សម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗរបស់ពិភពលោក ដែលរួមមានទាំង Toyota និង Honda ។ ហើយសម្រាប់ឧស្សាហកម្មនេះ គឺបានរួមចំណែកប្រមាណ ១០% នៃទំហំសេដ្ឋកិច្ច និងការងារផលិតកម្មសរុបទាំងអស់ របស់ថៃ ៕