ប្រាសាទអង្គរវត្ត គឺបានល្បីឈ្មោះរន្ទឺពាសពេញពិភពលោក និងបានក្លាយជាសំណង់អច្ឆរិយមួយលើលោកថែមទៀតផង។

ដោយសារសំណង់ដ៏អស្ចារ្យ និងរក្សាបាននូវរូបរាងដ៏ស្រស់ស្អាតបែបនេះហើយ ទើបអង្គរវត្តបានទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយក្នុងនោះក៏មានតារា និងបុគ្គលល្បីៗអន្តរជាតិជាច្រើនរូបទៀតផង។

យោងតាមការបង្ហោះសារលើបណ្ដាញសង្គម Twitter របស់ម្ដាយ Elon Musk អ្នកស្រី Maye Musk បានឲ្យដឹងថា ឪពុកម្ដាយរបស់លោកស្រីធ្លាប់បានធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជា និងបានចូលលេងប្រាសាទអង្គរវត្តផងដែរ កាលពីឆ្នាំ ១៩៥៤។

សូមជម្រាបដែរថា ជីតារបស់ Elon Musk បានទទួលមរណភាពកាលពីឆ្នាំ ១៩៧៤ ខណៈជីដូនរបស់លោកទទួលមរណភាពនាឆ្នាំ ២០១២ ហើយបុគ្គលទាំង ២ ខាងលើ សុទ្ធតែមានទេពកោសល្យរៀងៗខ្លួន ពោល Elon Musk មានជីតាជាអ្នកសេដ្ឋកិច្ចនយោបាយ អ្នកដឹកនាំអាជីពថ្នាក់ខេត្ត និងជាតិ និងអ្នកកីឡា/អ្នកផ្សងព្រេង និងជីដូនជាតារាម៉ូដែល៕