កាលពីពេលថ្មីៗនេះ ធនាគារកណ្ដាលនៃប្រទេសអាហ្សង់ទីនបានបើកកិច្ចប្រជុំបន្ទាន់មួយ ក្នុងគោលបំណងបោះពុម្ពក្រដាសប្រាក់ថ្មី ដែលនឹងដាក់រូប Leo Messi និងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។

យោងតាមការចុះផ្សាយពី The Sun បានឲ្យដឹងថា ក្រដាសប្រាក់ដែលកំពុងត្រូវពិចារណាបោះពុម្ពថ្មីនោះ គឺជាក្រដាសប្រាក់តម្លៃ ១ ០០០ ប៉េសូ ឬប្រហែល ៦ ដុល្លារអាមេរិក។

ដោយឡែក El Financiero វិញ ក៏បានរាយការណ៍ដែរថា មន្ត្រីនៅស្ថាប័នហិរញ្ញវត្ថុនៃប្រទេសអាហ្សង់ទីន អាចនឹងសម្រេចក្ដីបំណងខាងលើនេះ ដើម្បីបន្សល់ទុកជាស្នាដៃដែលបង្ហាញពីជ័យជំនះរបស់ពួកគេនៅព្រឹត្តិការណ៍ World Cup។

បន្ថែមពីនោះ ក៏មានលឺល្ហៀងៗថា អាហ្សង់ទីនក៏នឹងចារអក្សរ La Scaloneta នៅពីក្រោយក្រដាសប្រាក់ថ្មីនោះផងដែរ ខណៈវាគឺជារហស្សនាមរបស់វីរបុរសបាល់ទាត់អាហ្សង់ទីនម្នាក់ទៀតគឺ Lionel Scaloni៕