រដ្ឋាភិបាលថៃ អនុម័តទឹកប្រាក់ជិត ១០ ពាន់លានដុល្លារ ជួយដោះស្រាយគ្រោះទឹកជំនន់ និងរាំងស្ងួត នៅទូទាំងប្រទេស

អន្តរជាតិ

ថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រីថៃ លោក Prawit Wongsuwan បានធ្វើការអនុម័តទៅលើផែនការទ្រង់ទ្រាយធំមួយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួត នៅទូទាំងប្រទេស ដែលនឹងត្រូវចំណាយថវិកាសរុបចំនួន ៣៣៧,៧ ពាន់លានបាត (៩,៧ ពាន់លានដុល្លារ) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងទៀតថា ចំពោះផែនការក្នុងការគ្រប់គ្រងធនធានទឹកនេះ នឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០២៤ ទៅ ដោយក្នុងនោះ មានរហូតដល់ទៅ ៦៣ ៥៨៩ គម្រោង ។

ជុំវិញការអនុម័តលើផែនការថ្មីនេះ នឹងផ្តល់ឱ្យប្រទេសថៃ អាចបង្កើនសមត្ថភាពអាងស្តុកទឹករបស់ខ្លួន ដល់ចំនួន ១ ៤០០ លានម៉ែត្រគូប ដែលអាចគ្របដណ្តប់ទៅលើផ្ទៃដីចំនួន ៦,២៣ លានរ៉ៃ (ប្រហែល ១ លានហិកតា) ដើម្បីផ្តល់ជាប្រយោជន៍ ជូនសម្រាប់ប្រជាជនដល់ ៥,៦៤ លានគ្រួសារ ហើយវាក៏អាចនឹងជួយការពារតំបន់លំនៅដ្ឋាន និងដីកសិកម្មបានចំនួន ៥,៣៧ លានរ៉ៃ ពីការជន់លិចដោយទឹកជំនន់ផងដែរ ។

មិនតែប៉ុណ្ណោះ ផែនការនេះ ក៏មានគោលបំណង ធានាដល់ការផ្គត់ផ្គង់ ទឹកឱ្យបានគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ និងផលិតកម្មឧស្សហកម្ម ក៏ដូចជាដោះស្រាយបញ្ហាទឹកជំនន់ រួមទាំងការអភិរក្ស និង​ស្តា​ប្រព័ន្ធអេកូឡូស៊ីធនធានទឹកថែមទៀតផង ។

គួរឱ្យដឹងថា អំឡុងពេលកិច្ចប្រជុំអនុគណ:កម្មាធិការរដ្ឋាភិបាល ដែលមានភារកិច្ចជំរុញផែនការមេ គ្រប់គ្រងទឹក និងការអភិវឌ្ឍធនធានទឹក ឧបនាយករដ្ឋមន្ត្រី Prawit ក៏បានធ្វើការអនុម័ត ទៅលើគម្រោងកែលម្អប្រព័ន្ធធារាសាស្រ្ត តាមបណ្តោយដងទន្លេចៅប្រាយ៉ាផងដែរ ខណ:គោលដៅនេះ គឺដើម្បីពន្លឿនដល់ការរំដោះទឹកចេញទៅកាន់សមុទ្រ ក្នុងការជួយសម្រាលដល់ការជន់លិចធ្ងន់ធ្ងរ នៅក្នុងតំបន់ដែលងាយរងគ្រោះដល់ទឹកជំនន់ ៕