កាលពីពេលថ្មីៗនេះ មេធំក្រុមហ៊ុន Tencent Holdings មហាសេដ្ឋី Pony Ma បានប្រកាសហៅបុគ្គលិកជាន់ខ្ពស់ជាច្រើននាក់មកដុះក្អែលចេញម្ដង ក្រោយក្រុមហ៊ុនកំពុងប្រឈមនឹងបញ្ហាជាច្រើន។

បុគ្គលិកម្នាក់ដែលបានចូលរួមកិច្ចប្រជុំមានរយៈពេលជាង ១០ នាទី បានទម្លាយថា សហស្ថាបនិកក្រុមហ៊ុនមានការខឹងសម្បារជាខ្លាំង ជាមួយបុគ្គលិកជាន់ខ្ពស់ជាច្រើនរូប ដែលមិនគោរពតួនាទី និងលួចកិបកេងផលប្រយោជន៍ ស្របពេលផ្នែកខ្លះនៃ Tencent កំពុងប្រឈមនឹងការបិទទ្វារ។ នេះបើតាមការចុះផ្សាយពី The Business Times។

ប្រភពដដែលថែមទាំងបានដកស្រង់សម្ដីដែលមហាសេដ្ឋី Pony Ma និយាយថា៖ “អ្នកឯងមិនទាំងដឹងច្បាស់ថា អាជីវកម្មមួយនេះអាចដើរបានដល់ពេលណាផង ប៉ុន្តែបែរជាមានពេលទៅទាត់បាល់នៅចុងសប្ដាហ៍យ៉ាងរំភើយ”។
សូមជម្រាបដែរថា ក្រុមហ៊ុន Tencent កំពុងមានបញ្ហាផ្ទៃក្នុង ខណៈចំណូលរបស់ក្រុមហ៊ុនក៏កំពុងថយចុះឥតស្រាកស្រាន្តមួយរយៈកាលចុងក្រោយ បន្ទាប់ពីមានការបង្ក្រាបការធ្វើពាណិជ្ជកម្មអនឡាញ ពីសំណាក់រដ្ឋាភិបាល ស្របពេលសេដ្ឋកិច្ចសកលក៏រាងយ៉ាប់យ៉ឹន គួបផ្សំនឹងការផ្ទុះកូវីដ ១៩ នៅចិនជាថ្មីទៀត។

កត្តានេះបានជម្រុញឲ្យ Tencent បង្ខំចិត្តបញ្ឈប់បុគ្គលិករាប់ពាន់នាក់ក្នុងឆ្នាំនេះ ដែលធ្វើឲ្យកម្លាំងពលកម្មរបស់ក្រុមហ៊ុនធ្លាក់ចុះមិនធ្លាប់មានក្នុងរយៈពេលជិត ១ ទសវត្សចុងក្រោយ៕