នាថ្ងៃទី ២៣ ធ្នូ ២០២២ នេះ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសប្រាប់បណ្ដាញសារព័ត៌មានថា លោកនឹងបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃ សម្រាប់អាណត្តិក្រោយទៀត ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនាខែឧសភា ឆ្នាំក្រោយ។

“គណបក្សដែលទើបបង្កើតថ្មី United Thai Nation Party បានស្នើ និងគាំទ្រខ្ញុំក្នុងការក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីនាអាណត្តិក្រោយ ហើយខ្ញុំសូមប្រកាសថា ខ្ញុំសម្រេចចិត្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតឆ្នាំក្រោយ”។ នេះបើតាមសម្ដីរបស់លោក ប្រាយុទ្ធ ប្រាប់ទៅកាន់បណ្ដាញសារព័ត៌មាន។

សូមជម្រាបដែរថា លោក ប្រាយុទ្ធ ត្រូវបានគេរំពឹងយ៉ាងខ្ពស់ថា នឹងចាកចេញពីគណបក្ស Palang Pracharath (PPRP) ដែលដឹកនាំក្រុមចម្រុះកំពុងកាន់អំណាច ខណៈគណបក្សមួយនេះបានប្រកាសថា ឧបនាយករដ្ឋមន្ត្រីស្តីទី Prawit Wongsuwan ក៏នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីនាអាណត្តិក្រោយផងដែរ។
គួររំលឹកដែរថា កាលពីខែកញ្ញា តុលាការធម្មនុញ្ញបានសម្រេចថា ការកំណត់អាណត្តិរយៈពេល ៨ ឆ្នាំរបស់លោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រីនឹងបញ្ចប់នៅឆ្នាំ ២០២៥។

ដោយឡែក កាលបរិច្ឆេទនៃការបោះឆ្នោតមិនទាន់ត្រូវបានគេសម្រេចទេ ប៉ុន្តែប្រសិនបើសភាមិនត្រូវបានរំលាយចោលឆាប់ៗទេ នោះសភានឹងត្រូវបញ្ចប់អាណត្តិនៅខែមីនា ដោយកំណត់ដំណាក់កាលបោះឆ្នោតនៅខែឧសភា៕