ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ Taiwan Semiconductor Manufacturing Company Ltd ហៅកាត់ TSMC កំពុងត្រៀមចរចា ជាមួយដៃគូអាជីវកម្មសម្រាប់ការផ្គត់ផ្គង់ គម្រោងសាងសង់រោងចក្រតំបូងនៅអឺរ៉ុប។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា រោងចក្រតំបូងនៅអឺរ៉ុបរបស់ TSMC នឹងមានវត្តមាននៅប្រទេសអាល្លឺម៉ង់ ហើយក្រុមហ៊ុនតៃវ៉ាន់នឹងបញ្ជូននាយកប្រតិបត្តិជាន់ខ្ពស់មួយក្រុម ទៅអាល្លឺម៉ង់នាដើមឆ្នាំក្រោយ ដើម្បីពិភាក្សាកញ្ចប់ជំនួយពីរដ្ឋាភិបាល ក៏ដូចជាសិក្សាពីមូលដ្ឋាននៅទីនោះ។
សូមជម្រាបដែរថា TSMC ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើលោក និងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅអាស៊ី បានទម្លាយកាលពីឆ្នាំទៅថា កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង នៃការពិនិត្យឡើងវិញ សម្រាប់ការពង្រីកសក្តានុពលចូលទៅប្រទេសអាល្លឺម៉ង់ ដែលជាសមាជិកនៃតំបន់អឺរ៉ុប។
បន្ថែមពីនោះ កាលពីដើមខែនេះ TSMC បាននិយាយថា ខ្លួននឹងបង្កើនការវិនិយោគដែលបានគ្រោងទុកច្រើនជាងបីដង នៅរោងចក្រអារីហ្សូណាថ្មីរហូតដល់ ៤០ ពាន់លានដុល្លារ ដែលធ្វើឲ្យពួកគេក្លាយជាវិនិយោគិនបរទេសដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក៕