ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air បើកជើងហោះហើរត្រង់ពីសៀមរាប ទៅទីក្រុងហាណូយ

អន្តរជាតិ

កាលពីសុក្រទី ២៣ ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air (CAAir) បានធ្វើការប្រកាសថា ខ្លួនបានបើកដំណើរការជើងហោះហើរត្រង់ជាលើកដំបូង ពីខេត្តសៀមរាប ទៅកាន់ទីក្រុងហាណូយរបស់ប្រទេសវៀតណាម ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកម្ពុជាមួយនេះ បានបង្ហាញឱ្យដឹងទៀតថា ជើងហោះហើរថ្មីនេះ ដាក់ឱ្យសម្ពោធដោយហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយបានចុះចត ដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅឯទីក្រុងហាណូយ កាលពីថ្ងៃទី ២២ ខែធ្នូ ជាមួយនឹងអ្នកដំណើរចំនួន ៦៨ នាក់ នៅលើយន្តហោះ ខណ:ជើងហោះហើរនេះ ក៏បានវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញផងដែរ នៅថ្ងៃដដែល ជាមួយចំនួនអ្នកដំណើរចំនួន ៨១ នាក់ ។

តាមសេចក្តីប្រកាសបានបង្ហាញឱ្យដឹងទៀតថា ដំបូងឡើយ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងមានការហោះហើរចំនួន ៣ ជើង ក្នុងមួយសប្តាហ៍ ពោលគឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បត៍ និងថ្ងៃសៅរ៍ ជាមួយយន្តហោះប្រភេទ Airbus A320 ។

មិនតែប៉ុណ្ណោះ ដោយបន្ថែមពីលើជើងហោះហើរថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍ ក៏មានជើងហោះហើរបន្តទៅកាន់ប្រទេសវៀតណាមចំនួន ៥ បន្ថែមទៀត ដោយក្នុងនោះ ពីខេត្តសៀមរាប ទៅកាន់ទីក្រុងហូជីមិញ មានជើងហោះហើរ ២ ជើងក្នុងមួយថ្ងៃ , ពីសៀមរាប ទៅ ដាណាង មានជើងហោះហើរមួយជើង ក្នុងមួយថ្ងៃ , ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ មានជើងហោះហើរ ២ ជើងក្នុងមួយថ្ងៃ និងពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុងហូជីមិញ មានជើងហោះហើរ មួយជើងក្នុងមួយថ្ងៃ ៕