ថ្មីៗនេះ យោងតាមរដ្ឋមន្ត្រីថាមពលរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ប្រទេសរបស់ខ្លួន មានបំណងនាំចេញហ្គាស់ ទៅកាន់ប្រទេសវៀតណាម ចាប់ពីឆ្នាំ ២០២៦ ទៅ ពីប្លុកឈូងសមុទ្រ Tuna ដែលមានទីតាំងនៅជិតព្រំប្រទល់ដែនសមុទ្ររវាងឥណ្ឌូនេស៊ី និងវៀតណាម។
បើតាមការចេញផ្សាយពីសារព័ត៌មាន Vietnam Express បានបង្ហាញឱ្យដឹងទៀតថា ឥណ្ឌូនេស៊ី ដែលត្រូវបានចាត់ទុកថាជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ អាចនឹងផ្តល់ជូនហ្គាស់ស្តង់ដារ ក្នុងចំនួនពី ១០០ ទៅ ១៥០ លានហ្វីតគូប ក្នុងមួយថ្ងៃ ទៅឱ្យវៀតណាម តាមរយ:បំពង់បង្ហូរពីប្លុកបូមហ្គាស់ Tuna ដែលគ្រប់គ្រងដោយក្រុមហ៊ុនថាមពលរដ្ឋ Harbor Energy ។
សូមបញ្ជាក់ថាអណ្តូងប្រេង Tuna របស់ប្រទេសឥណ្ឌូនេស៊ី ដែលអាចផ្តល់ទិន្នផលឥន្ធន:ជាមធ្យម ១០០ លានប៉ារ៉ែលនេះ ត្រូវបានរុករកឃើញ នៅក្នុងខែមេសា ឆ្នាំ ២០១៤ មានជម្រៅប្រហែល ៣៨៩ ហ្វីត (១១៨,៥ ម៉ែត្រ) ។
ដោយឡែកផលិតកម្មដែលទទួលបានពីគម្រោង Tuna នេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្វើអាជីវកម្មលើកដំបូង នៅក្នុងឆ្នាំ ២០២៦ ខណ:បើតាមការសន្មត់របស់ក្រុមហ៊ុន អណ្តូងនេះ អាចនឹងបន្តគាំទ្រដល់វិស័យហ្គាស់របស់ឥណ្ឌូនេស៊ី រហូតដល់ឆ្នាំ ២០៥៥ ៕