ថ្មីៗនេះ ក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេនៅលើពិភពលោក Taiwan Semiconductor Manufacturing Co កំពុងតែពិចារណាសាងសង់រោងចក្រទី ២ របស់ខ្លួន នៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Asiafinancial។
គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់តៃវ៉ាន់មួយនេះ បាននិងកំពុងសាងសង់រោងចក្រផលិតបន្ទះឈីបទី ១ ដែលមានតម្លៃ ៨,៦ ពាន់លានដុល្លារ នៅក្នុងប្រទេសជប៉ុនរួចមកហើយ ដោយក្នុងនោះ ក៏មានការចូលរួមបណ្តាក់ទុន ពីសំណាក់ក្រុម Sony Group និងក្រុមហ៊ុន Denso Corp ផងដែរ។ ហើយចំពោះការផលិតនៅក្នុងរោងចក្រដំបូងនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ ។
យ៉ាងណាមិញ បើតាម លោក Yoshihiro Seki អគ្គលេខាធិការនៃសមាជិកសភាជប៉ុន បាននិយាយថា ក្រុមហ៊ុន TSMC កំពុងតែពិចារណាបន្ថែមការសាងសង់រោងចក្រថ្មីមួយផ្សេងទៀត បន្ទាប់ពីទទួលបានការលើកទឹកចិត្តខ្ពស់ ពីសំណាក់រដ្ឋាភិបាលជប៉ុន លើការជំរុញក្នុងឧស្សាហកម្មបន្ទះឈីប ខណ:កាលពីពេលកន្លងទៅ ប្រទេសជប៉ុន បានសន្យាថានឹងផ្តល់ប្រាក់ឧបត្ថម្ភរហូតដល់ ៣,៦ ពាន់លានដុល្លាររួចទៅហើយ សម្រាប់ការបង្កើតរោងកច្រដំបូងរបស់ក្រុមហ៊ុន TSMC។
មិនតែប៉ុណ្ណោះ ដោយនិយាយប្រាប់ទៅកាន់សារព័ត៌មាន Reuters លោក Seki បានបង្ហាញថា៖ ” ខ្ញុំមានជំនឿចិត្តខ្ពស់ថា TSMC កំពុងស្វែងរកការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសជប៉ុន។ យើងត្រូវតែបង្កើតបរិយាកាសដ៏ល្អមួយ ដើម្បីធ្វើឱ្យពួកគេចង់ធ្វើគម្រោងកម្រិតខ្ពស់ជាមួយយើង “។
ជម្រាបជូនផងដែរថា នៅមួយរយ:ពេលចុងក្រោយនេះ ក្រុមហ៊ុន TSMC បាននិងកំពុងធ្វើពិពិកម្មលើមូលដ្ឋានផលិតបន្ទះឈីបរបស់ខ្លួន ចំពេលមានកើនឡើងសម្ពាធពីសំណាក់ប្រទេសចិន មកលើកោះតៃវ៉ាន់។ ហើយវាក៏ត្រូវបានគេរាយការណ៍ផងដែរ នៅក្នុងអំឡុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយដៃគូអាជីវកម្ម ក្រុមហ៊ុន TSMC កំពុងមានបំណងក្នុងការបង្កើតរោងចក្រនៅអឺរ៉ុបជាលើកដំបូងរបស់ខ្លួន ក្នុងប្រទេសអាល្លឺម៉ង់ផងដែរ៕