យោងតាមការចុះផ្សាយពីសារព័ត៌មាន World KBS បានបង្ហាញឱ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរំពឹងខ្ពស់ថា នឹងអាចវ៉ាដាច់ប្រទេសជប៉ុន ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ៣ របស់កូរ៉េខាងត្បូង ដោយតាមពីក្រោយតែប្រទេសចិន និងអាមេរិកប៉ុណ្ណោះ ។
ប្រភពខាងលើ បានដកស្រង់ទិន្នន័យចេញពីសហព័ន្ធឧស្សាកម្មកូរ៉េ (FKI) ដោយបង្ហាញឱ្យដឹងទៀតថា ការវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងកូរ៉េខាងត្បូង អំឡុងចន្លោះឆ្នាំ ១៩៩២ ដល់ ២០២១ បានកើនឡើងជាលំដាប់ ពីចំនួន ៥០០ លានដុល្លារ នៅឆ្នាំ ១៩៩២ ដល់ ៨០,៧ ពាន់លានដុល្លារ។
ដោយឡែក បើគិតនៅត្រឹមខែវិច្ឆិកា ឆ្នាំ ២០២២ នេះវិញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ អាចសម្រេចបានរហូតដល់ ៨១,១ ពាន់លានដុល្លារឯណោះ ។
គួរឱ្យដឹងថា ចាប់តាំងពីមានការបង្កើតទំនាក់ទំនងការទូរវាងប្រទេសទាំងពីរមក វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កូរ៉េខាងត្បូង មួយនឹងការជួញដូរលើទំនិញសំខាន់ៗដូចជា បន្ទះឈីប បន្ទះអេក្រង់ ឧបករណ៍ចាប់សញ្ញា ឧបករណ៍វិទ្យុទាក់ទង និងទូរគមនាគមន៍។
លើសពីនេះ បើតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាម បានបង្ហាញថា គិតត្រឹមឆ្នាំ ២០២១ កូរ៉េខាងត្បូង គឺជាអ្នកវិនិយោគបរទេសធំជាងគេ នៅវៀតណាមជាមួយនឹងគម្រោងចំនួន ៩ ២០៣ គម្រោង ដែលមានតម្លៃ ៧៨,៥ ពាន់លានដុល្លារ។
ជុំវិញការរីកចម្រើនដ៏ឆាប់រហ័សនេះ ប្រទេសទាំងពីរ ក៏បានកំណត់យកគោលដៅ ដើម្បីបង្កើនទំហំពាណិជ្ជកម្ររវាងប្រទេសទាំង ២ ឱ្យកើនឡើងដល់ ១៥០ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០៣០ ខាងមុខ ខណ:ចំនួននេះ គឺជាកើនឡើងទ្វេរដង នៃតួលេខបច្ចុប្បន្ន ៕