យោងតាមរបាយការណ៍ផ្ដល់ឲ្យដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ហៅកាត់ KITA បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមាន ៩៦២ លានដុល្លារ សម្រាប់រយៈពេល ១១ ខែតំបូងឆ្នាំនេះ កើនឡើងពីឆ្នាំទៅ ១០,៦%។
គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសកូរ៉េខាងត្បូងបាន ៣៧៣ លានដុល្លារ កើនឡើង ២១% និងបាននាំចូលទំនិញមកវិញប្រមាណ ៥៨៩ លានដុល្លារ កើនឡើង ៥% បើធៀបនឹងឆ្នាំទៅ។
ទំនិញដែលកម្ពុជានាំចេញជាចំបងទៅកាន់កូរ៉េខាងត្បូងមានដូចជា ស្បែកជើង សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អគ្គិសនី និងអេឡិចត្រូនិក កៅស៊ូ ឱសថ និងផលិតផលកសិកម្ម។
ដោយឡែក សម្រាប់ទំនិញដែលកម្ពុជានាំចូលពីកូរ៉េខាងត្បូងវិញមានដូចជា យានជំនិះ គ្រឿងអេឡិចត្រូនិច ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក។
សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) បានចាប់ផ្តើមជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ពីរសប្តាហ៍បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាននៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២។
CKFTA ត្រូវបានគេរំពឹងថា នឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរខ្លាំង ដោយកូរ៉េខាងត្បូងយល់ព្រមដកពន្ធលើផលិតផល ៩៥,៦% ដែលនាំចូលពីកម្ពុជា ខណៈដែលកម្ពុជានឹងលុបចោលពន្ធលើទំនិញនាំចូល ៩៣,៨%៕