យោងតាមការចុះផ្សាយពីកាសែតក្នុងស្រុក បានបង្ហាញថា SK Group ដែលជាក្រុមហ៊ុនធំបំផុតលំដាប់ទី ២ របស់ប្រទេសកូរ៉េខាងត្បូង កំពុងធ្វើការពិចារណាលក់ចេញទ្រព្យសកម្មរបស់ខ្លួន មួយចំនួន ដែលកំពុងកាន់កាប់ក្នុងក្រុមហ៊ុន នៅតំបន់អាស៊ីអាគេ្នយ៍ ដើម្បីបង្វែទៅធ្វើការវិនិយោគទៅក្នុងប្រទេសមួយចំនួនផ្សេងទៀត នៅក្នុងតំបន់ រួមទាំងវៀតណាមផងដែរ។
បើតាមមន្ត្រីរបស់ក្រុម SK ម្នាក់ បាននិយាយថា គោលបំណងក្នុងការពិចារណាលក់ចេញទ្រព្យសកម្មនេះ គឺជាផ្នែកមួយនៃការផ្លាស់ប្តូរជាប្រចាំចំពោះផលប័ត្ររបស់ក្រុមហ៊ុន ពីពេលមួយទៅពេលមួយ ប៉ុន្តែនៅមិនទាន់មានអ្វីត្រូវបញ្ជាក់ឱ្យបានច្បាស់នៅឡើយនោះទេ។ ហើយបើទោះបីជាទ្រព្យសកម្មមួយចំនួនត្រូវបានលក់ចេញក៏ដោយ តែលុយដែលបាននោះ នឹងត្រូវយកទៅប្រើប្រាស់ ក្នុងការវិនិយោគឡើងវិញ នៅក្នុងតំបន់រីកចម្រើនផ្សេងទៀត ជាពិសេសនៅក្នុងប្រទេសវៀតណាម ។
លើសពីនេះ សារព័ត៌មានកូរ៉េខាងត្បូង Korea Economic Daily បានរាយការណ៍ឱ្យទៀតថា ធនាគារវិនិយោគដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ថា ក្រុមហ៊ុន SK នឹងធ្វើការសម្រេចចិត្តទៅលើទ្រព្យសកម្មណាមួយរបស់ខ្លួន ដែលអាចលក់បាន ដោយអាស្រ័យលើការផ្តល់ជូនរបស់អ្នកទិញ។
គួរឱ្យដឹងថា បច្ចុប្បន្ននេះ ទ្រព្យសកម្មដែលកាន់កាប់ដោយក្រុមហ៊ុន SK Group នៅក្នុងក្រុមហ៊ុនវិនិយោគអាស៊ីអាគ្នេយ៍ ដែលអាចលក់ចេញបាន មានដូចជាភាគហ៊ុន នៅក្នុងក្រុមហ៊ុន Vingroup របស់វៀតណាម ភាគហ៊ុននៅក្នុងក្រុមហ៊ុន Masan Group , ភាគហ៊ុនក្នុងក្រុមហ៊ុនឱសថ Pharmacity , ភាគហ៊ុនក្នុងក្រុមហ៊ុនលក់ទំនិញរាយ VinCommerce និងភាគហ៊ុនក្នុងក្រុមហ៊ុន The Crown X ។
ទន្ទឹមនឹងនេះ សារព័ត៌មានកូរ៉េខាងត្បូងខាងលើ ក៏បាននិយាយទៀតថា ក្រុមហ៊ុន SK Group ក៏មានភាគហ៊ុន នៅក្នុងក្រុមហ៊ុនទូទាត់សាច់ប្រាក់ Big Pay របស់ប្រទេសម៉ាឡេស៊ីផងដែរ ៕