មួយរយៈកាលចុងក្រោយនេះ មានការផ្ទុះឡើងវិញនូវជំងឺរាតត្បាតកូវីដ ១៩ ជាខ្លាំងនៅប្រទេសចិន ហើយប្រជាជនប្រមាណ ៤ ០០០ នាក់ត្រូវបានរកឃើញវិជ្ជមាននៃជំងឺមួយនេះជារៀងរាល់ថ្ងៃ។

បើទោះជាជំងឺកូវីដ ១៩ មានការផ្ទុះឡើងជាថ្មីក្ដី ប៉ុន្តែរដ្ឋាភិបាលបានទម្លាយថា ពួកគេនឹងបញ្ឈប់ការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅប្រទេសចិន ចាប់ពីថ្ងៃទី ០៨ មករា ២០២៣ តទៅ បន្ទាប់ពីមានការបិទព្រំដែនអស់រយៈពេលប្រហែល ៣ ឆ្នាំ។

យោងតាមការចុះផ្សាយពី BBC បានឲ្យដឹងថា មូលហេតុដែលរដ្ឋាភិបាលធ្វើការសម្រេចចិត្តបែបនេះ ដោយសារសេដ្ឋកិច្ចក្នុងស្រុកកំពុងស្ថិតក្នុងសភាពអាប់អួរ ណាមួយវិបត្តិអចលនទ្រព្យផង គួបផ្សំសេដ្ឋកិច្ចសកលក៏យ៉ាប់យ៉ឺនទៀត ដូច្នេះរដ្ឋាភិបាលត្រូវបង្ខំចិត្តស្ដារសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ឡើងវិញ។

យ៉ាងណា បើទោះជារដ្ឋាភិបាលប្រកាសបើកច្រកព្រំដែនវិញក្ដី ប៉ុន្តែពួកគេនៅតម្រូវឲ្យភ្ញៀវទេសចរណ៍មានឯកសារពិនិត្យកូវីដ ១៩ និងកំណត់ជើងហោះហើរជាបណ្ដោះអាសន្ន ដើម្បីតាមដានស្ថានការណ៍បន្តសិន៕