ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានធ្វើការសម្រេចចិត្តថា នឹងបិទមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដ៏ធំបំផុតរបស់ខ្លួន នៅក្នុងទីក្រុងហ្សាកាតា ដោយសារតែករណីឆ្លងថ្មីៗ បានថយចុះជាលំដាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
ជាក់ស្តែងមន្ទីរពេទ្យបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិកីឡាសម្រាប់ការប្រកួត Asian Games ត្រូវបានប្រែក្លាយជាទីកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ វិញ បន្ទាប់ពីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានបញ្ជាក់ពីករណីឆ្លងជាលើកដំបូង នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២០។ ហើយចាប់តាំងពីបើកដំណើរការពីថ្ងៃនោះមក មន្ទីរពេទ្យនេះ បានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាង ១៣២ ០០០ នាក់ ។
ប៉ុន្តែ បើតាមប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) លោក Lieut បាននិយាយថាមជ្ឈមណ្ឌលនេះ អាចនឹងត្រូវបិទវិញជាផ្លូវការ នៅថ្ងៃទី ៣១ ខែធ្នូខាងមុខ ដោយសារតែមានការថយចុះខ្លាំង នៃករណីឆ្លង នៅទូទាំងប្រទេស ។
លើសពីនេះ លោក Lieut ក៏បានបន្ថែមឱ្យដឹងទៀតផងដែរថា មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ផ្សេងទៀត នៅលើកកោះ Galang ក្នុងខេត្ត Riau ក៏នឹងត្រូវបិទផងដែរ ។
សូមជម្រាបជូនផងដែរថា ប្រទេសឥណ្ឌូនេស៊ី ដែលមានចំនួនប្រជាជនសរុបចំនួន ២៧៣ លាននាក់ បានកត់ត្រាអំពីករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៦,៧ លាននាក់ និងករណីស្លាប់បាត់បង់ជីវិតជាង ១៦០ ០០០ នាក់ ចាប់តាំងពីមានជំងឺរាតត្បាត បានចាប់ផ្តើមមក ៕