យោងតាមក្រសួងផែនការ និងវិនិយោគ បានបង្ហាញឱ្យដឹងថា ប្រទេសវៀតណាម បានទាក់ទាញការវិនិយោគពីបរទេស (FDI) ក្នុងទឹកប្រាក់សរុបចំនួន ២៧,៧២ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ នេះ ដែលស្មើទៅនឹង ៨៩% នៃទំហំវិនិយោគសរុប ក្នុងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ។

បើតាមការចុះផ្សាយពី VNA បានបង្ហាញឱ្យដឹងថា FDI ដែលបានចុះបញ្ជីថ្មីៗ នៅក្នុងប្រទេសវៀតណាម មានចំនួន ២ ០៣៦ គម្រោង ជាមួយនឹងចំនួនទឹកប្រាក់ ១២,៤៥ ពាន់លានដុល្លារ ពោលគឺបានកើនឡើង ១៧,១% ពីមួយឆ្នាំទៅមួយឆ្នាំ នៃចំនួនគម្រោងសរុបទាំងអស់ ។
ទន្ទឹមនឹងនេះ គម្រោងដែលមានស្រាប់ចំនួន ១ ១០៧ ត្រូវបានក្រុមហ៊ុនបរទេស ចាក់លុយចូលវិនិយោគបន្ថែម ក្នុងទំហំទឹកប្រាក់សរុប ១០,១២ ពាន់លានដុល្លារ ដែលជាចំនួនកើនឡើង ១២,៤% ពីមួយឆ្នាំទៅមួយឆ្នាំ ។

ហើយក្រៅពីនោះ ក៏នៅមានការវិនិយោគផ្សេងៗទៀត ពីសំណាក់ក្រុមហ៊ុនបរទេស តាមរយ:ការទិញយកភាគហ៊ុន ជាមួយនឹងចំនួនទឹកប្រាក់សរុបចំនួន ៥,៥១ ពាន់លានដុល្លារ ប៉ុន្តែវាបានធ្លាក់ចុះ ៦,១% ពីមួយឆ្នាំទៅមួយឆ្នាំ ។
ជម្រាបជូនឱ្យដឹងផងដែរថា ក្នុងចំណោមប្រទេស និងដែនដីចំនួន ១០៨ ដែលបានមកធ្វើការវិនិយោគ នៅក្នុងប្រទេសវៀតណាម នៅឆ្នាំនេះ សិង្ហបុរី ជាប់នៅចំណាត់ថ្នាក់លេខ ១ ជាមួយនឹងទំហំទឹកប្រាក់វិនិយោគ ៦,៤៦ ពាន់លានដុល្លារ ហើយតាមពីក្រោយដោយប្រទេសកូរ៉េខាងត្បូង ជាមួយទឹកប្រាក់វិនិយោគ ៤,៨៨ ពាន់លានដុល្លារ និងប្រទេសជប៉ុន ៤,៧៨ ពាន់លានដុល្លារ ៕