រុស្ស៊ីប្រកាសឈប់លក់ប្រេង ទៅឲ្យប្រទេសដែលឯកភាពជាមួយអាមេរិក ជុំវិញការកំណត់តម្លៃ

អន្តរជាតិ

កាលពី​ថ្ងៃទី ២៧ ធ្នូ​កន្លងទៅ ប្រទេសរុស្ស៊ីបាន​ប្រកាសថា នឹង​បញ្ឈប់​ការ​លក់ប្រេង​ទៅឲ្យប្រទេស ដែល​យល់ស្រប​ជាមួយអាមេរិក ជុំវិញ​ការ​កំណត់​តម្លៃ​ប្រេងនាំចេញ​របស់​រុស្ស៊ី។ នេះ​បើតាម​ការ​ចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទណ្ឌកម្ម​សេដ្ឋកិច្ច​ចំពោះ​ការ​កំណត់​តម្លៃ​ប្រេង​ ដែល​លោក​ខាងលិច​បាន​ដាក់​ទៅ​លើ​រុស្ស៊ី​ គឺ​ធ្វើឡើង​តាំងពី​ថ្ងៃទី ០៥ ធ្នូ និង​តម្រូវ​ឲ្យ​អ្នក​ជួញដូរ​ប្រេង​ពី​រុស្ស៊ី​ទាំងអស់ មិន​ត្រូវ​បង់ប្រាក់​លើសទី ៦០ ដុល្លារ/បារ៉ែល​ឡើយ។

ការ​កំណត់​តម្លៃ​បែបនេះ គឺ​លោកខាងលិច​ព្យាយាម​រារាំង​រុស្ស៊ី ក្នុង​ការ​បង្កើន​ចំណូល​ដើម្បី​ផ្គត់ផ្គង់​សព្វាវុធ សម្រាប់​ការ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន ខណៈ​តម្លៃ ៦០ ដុល្លារ/បារ៉ែល គឺ​តិច​ជាង​តម្លៃ​ដែល​រុស្ស៊ី​ធ្លាប់​លក់​ចេញ​កាលពីឆ្នាំ​មុន​ដាច់។

ជាការ​ឆ្លើយតប​នឹង​គំនាប​ដែល​លោក​ខាងលិច​ព្យាយាម​ដាក់​មក​លើរុស្ស៊ី ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បាន​ប្រកាស​ក្ដែងៗថា គ្រប់ប្រទេស​ដែល​ឯកភាព​ជាមួយ​នឹង​ការ​កំណត់​តម្លៃ​ប្រេង​ពី​លោកខាងលិច នឹង​លែងជា​អតិថិជន​របស់​រុស្ស៊ី​តទៀត។

ហើយ​នេះ​ក៏​មិនមែន​ជា​បញ្ហា​ចំបង​ឡើយ ដ្បិត​រុស្ស៊ី​គឺជា​ប្រទេសនាំចេញ​ប្រេងធំ​បំផុត​ទី ២ បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត ហើយបើទោះជា​លោកខាងលិច​មិន​ទិញ​ប្រេងពី​រុស្ស៊ី ក៏​នៅ​មាន​ប្រទេស​នៅអាស៊ីដូចជា ចិន និង​ឥណ្ឌា នៅ​តែ​ក្លាយជា​ម៉ូយដុំ​របស់​រុស្ស៊ី ដែល​កំពុង​បង្កើន​ការ​នាំចូល​ប្រេង​ច្រើន​លើសលុប​នា​ឆ្នាំនេះ៕