កាលពីពេលថ្មីៗនេះ តម្លៃហ៊ុនរបស់ក្រុមហ៊ុន Apple និង Tesla បានដាំក្បាលចុះជាខ្លាំង ដោយសារសង្វាក់ផលិតកម្មមានការកកស្ទះ មិនអាចផ្គត់ផ្គង់ទៅកាន់ទីផ្សារធំនៅប្រទេសចិន ទាន់ពេលវេលា។

យោងតាមការចុះផ្សាយពី BBC បានបង្ហាញថា តម្លៃហ៊ុនរបស់ Apple បានធ្លាក់មកនៅត្រឹម ១៣០ ដុល្លារ/ហ៊ុន ជាចំណុចទាបបំផុតតាំងពីខែមិថុនា ២០២១ ខណៈតម្លៃហ៊ុន Tesla ថយចុះ ៧៣% គិតតាំងពីចំណុចខ្ពស់បំផុតកាលពីខែវិច្ឆិកា ២០២១។

ក្រុមហ៊ុនយក្សទាំង ២ ខាងលើ កំពុងជួបវិបត្តិកកស្ទះផលិតកម្មជាខ្លាំងនៅប្រទេសចិន ដោយសាររដ្ឋាភិបាលកំពុងរឹតបន្តឹងវិធានការកូវីដក្នុងស្រុក ក៏ដូចជាការធ្វើចត្តាឡីស័ករាប់សប្ដាហ៍ ឬពេលខ្លះដល់រាប់ខែក៏មាន។
បើទោះជារដ្ឋាភិបាលចិន ប្រកាសបើកច្រកព្រំដែនវិញនាថ្ងៃទី ០៨ មករា ២០២៣ ដើម្បីទាក់ទាញវិនិយោគិនបរទេសក៏ពិតមែន ប៉ុន្តែក្រុមវិនិយោគិនកំពុងមានការប្រុងប្រយ័ត្នខ្លាំងចំពោះស្ថានការណ៍សេដ្ឋកិច្ចសកល ការតម្លើងការប្រាក់នៅលោកខាងលិច និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន៕