ត្រឹម ៩ ខែចុងក្រោយ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីវៀតណាម របូតជាង ៦ ពាន់លានដុល្លារ

អន្តរជាតិ

នៅក្នុងរយ:ពេល ៩ ខែចុងក្រោយនេះ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីវៀតណាមបូកសរុបបញ្ចូលគ្នា បានរបូតអស់ជាង ៦,១ ពាន់លានដុល្លារ ស្របពេលដែលទីផ្សារភាគហ៊ុនដាំក្បាលចុះ នៅចំពេលស្ថានភាពសេដ្ឋកិច្ចកំពុងមានវិបត្តិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយដោយសារព័ត៌មាន VN Express គិតនៅត្រឹមថ្ងៃទី ២៦​ ខែធ្នូ បានបង្ហាញឱ្យដឹងថា ឥឡូវនេះ ប្រទេសវៀតណាម នៅមានមហាសេដ្ឋីត្រឹម ៦ នាក់ប៉ុណ្ណោះ ដែលធ្លាក់ចុះពីចំនួន ៧ នាក់ នៅក្នុងខែមីនា ពីបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ។

យ៉ាងណាមិញ ប្រភពខាងលើបានឱ្យដឹងទៀតថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីវៀតណាម បានធ្លាក់ចុះ ៣៣% មកនៅត្រឹមចំនួន ១២,៣ ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងរយ:ពេល ៩ ខែដំបូង ឆ្នាំ ២០២២ នេះ ។

គួរឱ្យដឹងថា ប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong នៅតែអ្នកដែលមានទ្រព្យសម្បត្តិច្រើនបំផុត នៅក្នុងប្រទេសវៀតណាម ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធរបស់លោក ចំនួន ៤ ពាន់លានដុល្លារ គឺបានធ្លាក់ចុះ ៣៥% ក្នុងរយៈពេល ៩ ខែមកនេះ ។

មិនតែប៉ុណ្ណោះតាមរយ:ការធ្លាក់ចុះនៃទ្រព្យសម្បត្តិនេះ ក៏បានធ្វើឱ្យលោក Vuong ឥឡូវនេះ ជាប់ឈ្មោះជាមហាសេដ្ឋីលំដាប់ទី ៦៨៥ នៅលើពិភពលោក ពោលគឺធ្លាក់ចុះចំនួន ២៧០ លេខ គិតចាប់តាំងពីមីនាមក ។

ដោយឡែក លោកស្រី Nguyen Thi Phuong Thao ដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅតែបន្តឈរជាអ្នកមានលំដាប់ទី ២ របស់វៀតណាម ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២,៣ ពាន់លានដុល្លារ ធ្លាក់ចុះ ២៦% គិតចាប់តាំងពីខែមីនា។

ទន្ទឹមនឹងនេះ ទ្រព្យសម្បត្តិរបស់ប្រធានក្រុមហ៊ុន Techcombank លោក Ho Hung Anh ក៏បានធ្លាក់ចុះ ៣០% ផងដែរ មកនៅត្រឹមចំនួន ១,៦ ពាន់លានដុល្លារ គិតនៅចន្លោះខែមីនា និងខែធ្នូ។ ហើយកំពុងតាមពីក្រោយដោយ លោក Tran Ba Duong ប្រធានក្រុមហ៊ុនផលិតរថយន្ត Thaco  និងគ្រួសាររបស់គាត់ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៥ ពាន់លានដុល្លារ ធ្លាក់ចុះ ៦% ។

សម្រាប់លោក Nguyen Dang Quang វិញ ដែលជាប្រធានក្រុមហ៊ុន Masan Group និងលោក Tran Dinh Long ប្រធានក្រុមហ៊ុន Hoa Phat Group ក៏ទទួលបានតំណែងជាមហាសេដ្ឋីរបស់ប្រទេសវៀតណាមផងដែរ ដោយម្នាក់ៗមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៤ ពាន់លានដុល្លារ ៕