មហាសេដ្ឋីមានបំផុតនៅអាស៊ី Gautam Adani បានបង្ហើបថា សេដ្ឋកិច្ចប្រទេសឥណ្ឌានឹងមានការកើនឡើងខ្ពស់ ពោលអាចនឹងកើនរហូតដល់ ១ ទ្រីលានដុល្លារ រៀងរាល់ចន្លោះ ១២-១៨ ខែ ក្នុងរយៈពេលមួយទសវត្សខាងមុខ។

យោងតាមការចុះផ្សាយពី Bloomberg បានឲ្យដឹងថា មូលហេតុដែល Adani ហ៊ានអះអាងបែបនេះ ដោយសារលោកសម្លឹងឃើញពីសក្ដានុពលនៃសហគ្រិនវ័យក្មេងនៅឥណ្ឌា ដែលកំពុងមានសន្ទុះខ្លាំង។

ប្រភពដដែលបន្ថែមទៀតថា ស្ដេចត្រាញ់ឥណ្ឌាថែមទាំងសន្និដ្ឋានថា ឥណ្ឌាក៏នឹងអាចក្លាយជាអ្នកនាំចេញថាមពលអ៊ីដ្រូសែនបៃតងដ៏ធំបំផុតលើលោកមួយ ខណៈថាមពលនេះក៏កំពុងត្រូវប៉ាន់ខ្លាំងនៅតំបន់អឺរ៉ុបផងដែរ។

សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ មេធំក្រុមហ៊ុន Adani Group បានជះលុយរាប់សិបពាន់លានដុល្លារ ទៅលើការពង្រីកអាជីវកម្មស្ទើរគ្រប់វិស័យដូចជា ការផលិតស៊ីម៉ងត៍ ប្រព័ន្ធផ្សព្វផ្សាយ និងកំពង់ផែនៅអ៊ីស្រាអែលជាដើម ហើយសម្រាប់ការពង្រីកអាជីវកម្មនេះទៀតសោតគឺ ត្រូវបានគេសន្និដ្ឋានថា ចំណាយលុយយ៉ាងតិចក៏ ៤០ ពាន់លានដុល្លារដែរ៕