កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda បានប្រកាសថា នឹងប្រមូលរថយន្តប្រភេទ Hybrid ជាង ២០០ ០០០ គ្រឿងចូលឃ្លាំងវិញ ដោយសារមានបញ្ហាឧបករណ៍ចាប់សញ្ញាឈ្នាន់ហ្វ្រាំង ខណៈរថយន្តទាំងអស់នោះគឺត្រូវបានផលិតនៅប្រទេសចិន។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា រថយន្ត Hybrid ប្រមាណ ១០៥ ៦០៨ គ្រឿង ដែលផលិតចន្លោះពីថ្ងៃទី ០៨ តុលា ២០១៨ ដល់ថ្ងៃទី ០៧ កញ្ញា ២០២០ ផលិតឡើងជាមួយក្រុមហ៊ុន Dongfeng Motor Group Co នឹងត្រូវប្រមូលចូលឃ្លាំងដើម្បីជួសជុលវិញ។
រីឯរថយន្តប្រមាណ ៩៥ ០៨១ គ្រឿងទៀត ដែលជាការផលិតជាមួយក្រុមហ៊ុន Guangzhou Automobile Group Co ចន្លោះថ្ងៃទី ០៧ សីហា ២០១៨ ដល់ ០៦ សីហា ២០២០ ក៏នឹងត្រូវប្រមូលមកវិញដើម្បីពិនិត្យបញ្ហាខាងលើដូចគ្នា។
ដោយឡែក សេចក្ដីថ្លែងការណ៍ចេញដោយក្រុមហ៊ុនផ្ទាល់បានបញ្ជាក់ថា បញ្ហានេះគឺទាក់ទងនឹងប្រេងរំអិលដែលបានបញ្ចូលទៅឈ្នាន់ហ្វ្រាំងអំឡុងពេលផលិត ហើយវាបានបង្កជាបញ្ហាដល់ឧបករណ៍ចាប់សញ្ញាហ្វ្រាំង ខណៈការប្រមូលរថយន្តនឹងធ្វើឡើងពីថ្ងៃទី ៣១ មីនា ២០២៣ ខាងមុខ៕