យោងតាមការចុះផ្សាយពី Reuters បានបង្ហាញថា ឥណ្ឌូណេស៊ីនឹងចាប់ផ្ដើមពង្រឹងច្បាប់នាំចេញ សម្រាប់ផលិតផលប្រេងដូងរបស់ពួកគេ ចាប់ពីថ្ងៃទី ០១ មករា ឆ្នាំក្រោយតទៅ ដោយនឹងកាត់បន្ថយការនាំចេញ។

ប្រភពដដែលបន្ថែមថា ចាប់ពីដើមខែមករាឆ្នាំក្រោយទៅ រាល់ការដឹកជញ្ជូនប្រេងដូងទៅកាន់ទីផ្សារអន្តរជាតិ នឹងត្រូវបន្ថយឲ្យមានតិចជាងការលក់នៅក្នុងស្រុកជារៀងរាល់តោន។

បន្ថែមពីនោះ គិតចាប់ពីឆ្នាំក្រោយទៅ អ្នកនាំចេញប្រេងដូងទាំងអស់ នឹងអនុញ្ញាតឲ្យនាំទំនិញចេញច្រើនជាង ៦ ដង នៃចំនួនទំនិញដែលពួកគេបានលក់នៅក្នុងស្រុកប៉ុណ្ណោះ ដែលវាគឺតិចជាងសមាមាត្របច្ចុប្បន្ន ពោលកន្លងមកពួកគេអាចនាំចេញ ៨ ដងនៃទំហំទំនិញដែលលក់ចេញក្នុងស្រុក។

សូមជម្រាបដែរថា ប្រទេសឥណ្ឌូណេស៊ី គឺជាអ្នកដែលនាំចេញប្រេងដូងច្រើនបំផុតលើលោក ខណៈម៉ាឡេស៊ីគឺជាប្រទេសទី ២ ស្របពេលស្ថិតិនាំចេញរបស់ប្រទេសទាំង ២ កាលពីឆ្នាំ ២០២១ គឺ ឥណ្ឌូណេស៊ីកើបលុយបាន ២៦,៧ ពាន់លានដុល្លារ រីឯម៉ាឡេស៊ីទទួលបាន ១៤,២ ពាន់លានដុល្លារ៕