ចាប់ពីឆ្នាំក្រោយតទៅ ប្រទេសចិន នឹងតំឡើងពន្ធនាំចូល និងនាំចេញទៅលើទំនិញមួយចំនួន គិតចាប់ពីថ្ងៃទី ០១ មករា ២០២៣ ដើម្បីពន្លឿន និងជំរុញការអភិវឌ្ឍន៍ ក៏ដូចជាពង្រីកតម្រូវការក្នុងស្រុក។ នេះបើតាមការចុះផ្សាយពី CNA។

ប្រភពដដែលបន្ថែមថា ពន្ធនាំចេញសម្រាប់ផលិតផលអាលុយមីញ៉ូម នឹងត្រូវបានតំឡើងថ្លៃ ខណៈពន្ធនាំចូលសម្រាប់ធ្យូង ៧ ប្រភេទនឹងរក្សាលំនឹងដដែល រហូតដល់ដាច់ខែមីនាឆ្នាំក្រោយ។

ទន្ទឹមនឹងនោះ អ្នកបង្កើតគោលនយោបាយបានសន្យាថា នឹងជំរុញការតម្រូវការក្នុងស្រុកឲ្យមានកាន់តែច្រើន ហើយនិងផ្ដល់អាទិភាពទៅលើការស្ដារសេដ្ឋកិច្ចឡើងវិញ ដោយសារការធ្លាក់ចុះនៃតម្រូវការ ការកកស្ទះសង្វាក់ផ្គត់ផ្គង់ និងការរំពឹងទុកមានការធ្លាក់ចុះជាដើម។

ដើម្បីអាចជួយដល់បញ្ហានេះបាន រដ្ឋាភិបាលនឹងបន្ធូរបន្ថយពន្ធលើទំនិញនាំចូលដូចជា ម៉ាស៊ីនឆុងកាហ្វេ និងម៉ាស៊ីនគៀបទឹកផ្លែឈើ ក៏ដូចជាផលិតផលទាក់ទងនឹងបច្ចេកវិទ្យាជាច្រើន ដែលធ្វើឲ្យពន្ធសរុបរបស់ចិន នឹងធ្លាក់ចុះពី ៧,៤% មកនៅត្រឹម ៧,៣%៕