កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនវិនិយោគអចលនទ្រព្យហុងកុង Link REIT កំពុងពង្រីកខ្លួនមកលើទីផ្សារប្រទេសសិង្ហបុរី ដោយបានចំណាយទឹកប្រាក់ ២,១៦ ពាន់លានដុល្លារសាំងហ្គាពួរ ឬប្រហែល ១,៦ ពាន់លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា Link REIT ចាយលុយរាប់ពាន់លានដុល្លារ ដើម្បីទិញផ្សារទំនើប ២ កន្លែងដូចជា Jurong Point និង Swing By @ Thomson Plaza ពីក្រុមហ៊ុន NTUC Enterprise Co-operative ខណៈកិច្ចកុងត្រាគ្រោងនឹងបញ្ចប់នៅខែមីនាឆ្នាំក្រោយ។

បើសិនជាកិច្ចកុងត្រាខាងលើអាចធ្វើទៅដោយជោគជ័យ ក្រុមហ៊ុនមានមូលដ្ឋាននៅហុងកុង នឹងក្លាយជាម្ចាស់ក្រុមហ៊ុនលក់ទំនិញរាយធំបំផុតមួយ ក្នុងចំណោម ១០ ក្រុមហ៊ុនផ្សេងទៀតនៅសិង្ហបុរី។

សូមជម្រាបដែរថា Link REIT អះអាងថា ផ្សារទំនើប ២ កន្លែងខាងលើ អាចរកចំណូលបានប្រហែល ១០៦ លានដុល្លារសាំងហ្គាពួរ ឬប្រមាណ ៧៨,៦ លានដុល្លារ ជារៀងរាល់ឆ្នាំ ស្របពេលដែលការប្រឡូកខ្លួនមកសិង្ហបុរីសារនេះ គឺជាលើកដំបូងសម្រាប់ស្ដេចត្រាញ់អចលនទ្រព្យហុងកុង ដែលធ្លាប់តែវិនិយោគនៅក្នុងស្រុក អូស្ត្រាលី និងអង់គ្លេស៕