ថ្មីៗនេះ រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើការកំណត់គោលដៅធំ ក្នុងការនាំចេញជលផលរបស់ខ្លួន ក្នុងទំហំប្រាក់ប្រមាណ ៧,៦ ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNA ។
មិនតែប៉ុណ្ណោះ យោងតាមក្រសួងជលផលឥណ្ឌូនេស៊ី បានបង្ហាញថា ក្នុងរយ:ពេល ១១ ខែដំបូងឆ្នាំ ២០២២ នេះ ការនាំចេញជលផលរបស់ខ្លួន មានចំនួនទឹកប្រាក់ ៥,៧១ ពាន់លានដុល្លារ ហើយរំពឹងថាអាចនឹងកើនដល់ ៦,២ ពាន់លានដុល្លារ នៅដាច់ឆ្នាំនេះ ។
ក្រសួងខាងលើបានរាយការណ៍ទៀតថា សហរដ្ឋអាមេរិក គឺជាអ្នកទទួលទិញផលផលឥណ្ឌូនេស៊ីច្រើនបំផុត នៅចន្លោះខែមករា ដល់ខែវិច្ឆិកា ដោយពួកគេបានចំណាយទឹកប្រាក់រហូតដល់ ២,១៥ ពាន់លានដុល្លារ និងតាមពីក្រោយដោយប្រទេសចិន ដែលបានចំណាយទឹកប្រាក់ ១,០២ ពាន់លានដុល្លារ , ជប៉ុន (៦៧៨ លានដុល្លារ) , អាស៊ាន (៦៥១ លានដុល្លារ) និងសហភាពអឺរ៉ុប ( ៣៥៧,១២ លានដុល្លារ)។
គិតនៅត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២២ នេះ បរិមាណផលិតកម្មជលផលរបស់ឥណ្ឌូនេស៊ី បានកើនឡើងដល់ ១៨,៤៥ លានតោន ដែលក្នុងនោះមាន ៥,៩៧ លានតោន ទទួលបានពីការនេសាទ និង ៥,៥៧ លានតោនទទួលបានពីវារីវប្បកម្ម៕