ក្រុមហ៊ុនចម្រាញ់ប្រេងគ្រប់គ្រងដោយរដ្ឋចិន Sinopec Corp បានធ្វើការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ Sinopec Hongkong Co Ltd បានឈានដល់ការព្រមព្រៀងទិញយកភាគហ៊ុនចំនួន ៤៩% នៅក្នុងក្រុមហ៊ុនប្រេង Susco Dealers Company Limited របស់ប្រទេសថៃ ដើម្បីពង្រីកអាជីវកម្មលក់រាយខ្លួននៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ CNA ។
យ៉ាងណាមិញ Sinopec បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Sinopec Hongkong Co Ltd របស់ខ្លួន នឹងចាប់ផ្តើមចាប់ដៃគ្នាជាមួយក្រុមរបស់ប្រទេសថៃ ជាមួយនឹងការនាំយកប្រេងឥន្ធន:ពីរោងចក្រចម្រាញ់របស់ចិន ទៅលក់នៅក្នុងទីផ្សារក្នុងប្រទេសនៅតំបន់អាស៊ានមួយនេះ ខណ:ទំហំទឹកប្រាក់នៃការវិនិយោគនេះ នៅមិនទាន់ត្រូវបានបញ្ជាក់ប្រាប់ឱ្យដឹងនោះឡើយ ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Sinopec បានបន្ថែមទៀតថា ការបណ្តាក់ទុនរួមគ្នានេះ ក៏នឹងឈានទៅរកការស្វែងយល់ អំពីការអភិវឌ្ឍទៅជាអាជីវកម្ម ដែលមានកម្រិតបំភាយឧស្ម័នទាប និងការបង្កើតថាមពលថ្មី ដូចជាផ្តោតទៅលើរថយន្តអគ្គិសនី ឥន្ធនៈអ៊ីដ្រូសែន និងជីវឥន្ធនៈ នាពេលអនាគតផងដែរ ។
ជម្រាបជូនផងដែរថា Susco Public Company Ltd, Susco Dealer គឺជាក្រុមហ៊ុនដ៏ធំមួយ ដែលមានលទ្ធភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅក្នុងរាជធានីបាងកករបស់ប្រទេសថៃ រួមទាំងការផ្គត់ផ្គត់ប្រេងសម្រាប់យន្តហោះ នៅអាកាសយានដ្ឋានសំខាន់ៗ ក្នុងប្រទេសថែមទៀតផង ៕