កាលពីថ្ងៃសុក្រទី ៣០ ធ្នូ ២០២២ រដ្ឋាភិបាលចិនបានសម្រេចតែងតាំងលោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក ឡើងតំណែងជារដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក Wang Yi ដែលកាន់តួនាទីនេះ អស់រយៈពេល ៩ ឆ្នាំ។
យោងតាមការចុះផ្សាយពី NPR បានឲ្យដឹងថា លោក Wang Yi ដែលទើបនឹងឡើងឋានៈនៅក្នុងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តចិនកាលពីខែតុលា ត្រូវបានរំពឹងថា នឹងកាន់តែឡើងតំណែងធំជាងមុនទៀត ក្នុងគោលនយោបាយការបរទេស។
ដោយឡែក លោក Qin Gang ដែលនឹងត្រូវចូលមកជំនួសលោក Wang Yi នឹងក្លាយជារដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុតមួយរូបរបស់ចិន ពោលបច្ចុប្បន្នលោកទើបនឹងមានវ័យ ៥៦ ឆ្នាំប៉ុណ្ណោះ។
សូមជម្រាបដែរថា រដ្ឋមន្ត្រីការបរទេសវ័យក្មេងរូបនេះ ធ្លាប់បានកាន់តំណែងជាច្រើនលើឆាកនយោបាយដូចជា ធ្លាប់ជាអ្នកនាំពាក្យក្រសួង ប្រធានពិធីការរបស់មេដឹកនាំរវាងឆ្នាំ ២០១៤ និង ២០១៨ និងតំណែងចុងក្រោយគឺ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក ដែលទើបនឹងប្រកាសតែងតាំងកាលពីឆ្នាំ ២០២១។
លោក Qin នឹងត្រឡប់មកទីក្រុងប៉េកាំងវិញ បន្ទាប់ពីកាន់ការងារនៅទីក្រុងវ៉ាស៊ីងតោនអស់រយៈពេល ១៧ ខែ ក្នុងឋានៈជាឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកទី ១១៕