កាលពីខែវិច្ឆិកា ២០២១ មហាសេដ្ឋី Elon Musk ធ្លាប់បំបែកកំណត់ត្រាថ្មីស្រឡាងគឺ ជាបុគ្គលតំបូងបំផុតដែលមានទ្រព្យសម្បត្តិសរុបរហូតដល់ ៣៤០ ពាន់លានដុល្លារឯណោះ។

យ៉ាងណា រំលងតែប៉ុន្មានខែ ក៏កើតមានសង្គ្រាមនៅអ៊ុយក្រែន ធ្វើឲ្យសេដ្ឋកិច្ចសកលចាំផ្ដើមធ្លាក់ចុះ និងបង្កឲ្យមេធំ Tesla របូតទ្រព្យសម្បត្តិផ្ទួនៗ រហូតបាត់បង់តំណែងជាមហាសេដ្ឋីមានបំផុតលើលោកថែមទៀត។

យោងតាមការចុះផ្សាយពី Bloomberg Billionaire Index បានបង្ហាញថា Elon Musk បានរបូតទ្រព្យសម្បត្តិអស់ច្រើនជាង ២០០ ពាន់លានដុល្លារ ដែលនេះគឺជាការខាតបង់ធំបំផុតប្រចាំប្រវត្តិសាស្ត្រ ដែលមិនទាន់មានអ្នកណាអាចធ្វើបាន។

ប្រភពដដែលបន្ថែមទៀតថា បច្ចុប្បន្ន Elon Musk មានទ្រព្យសម្បត្តិសរុប ១៣៧ ពាន់លានដុល្លារ ដោយសារតម្លៃហ៊ុន Tesla ដាំក្បាលចុះប្រហែល ៦៥% បើធៀបនឹងឆ្នាំទៅ និងបានបង្កឲ្យមូលធនទីផ្សាររបស់ក្រុមហ៊ុនខាតបង់រាប់រយពាន់លានដុល្លារឯណោះ៕