បើកទំព័រឆ្នាំថ្មីភ្លាម Elon Musk ទទួលបានរឿងឈឺក្បាលភ្លាមៗ ពោលក្រុមហ៊ុន Twitter ត្រូវបានម្ចាស់ផ្ទះប្ដឹង បន្ទាប់ពីមេធំមិនព្រមបង់ថ្លៃជួលការិយាល័យនៅទីក្រុង San Francisco។ នេះបើតាមការចុះផ្សាយពី Bloomberg។

ប្រភពដដែលបន្ថែមថា អតីតមហាសេដ្ឋីមានបំផុតលើលោកនៅជំពាក់ថ្លៃជួលការិយាល័យប្រមាណ ១៣៦ ២៥០ ដុល្លារ ហើយមិនមែនមិនបង់ថ្លៃជួលតែមួយកន្លែងឡើយ ពោលគ្រប់ការិយាល័យទូទាំងពិភពលោក គឺមិនទាន់បង់ថ្លៃជួលដូចគ្នា។

ក្រុមហ៊ុន Columbia Reit បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការនៅទីក្រុង San Francisco កាលពីសប្ដាហ៍មុនថា ពួកគេបានប្រាប់ Twitter កាលពីថ្ងៃទី ១៦ ធ្នូថា បើសិនជាក្រុមហ៊ុនមិនព្រមបង់ថ្លៃជួល ពួកគេត្រូវរុះរើចេញក្នុងរយៈពេល ៥ ថ្ងៃ ប៉ុន្តែ Twitter មិនព្រមធ្វើឡើយ។

យ៉ាងណា Twitter នៅមិនទាន់ចេញលិខិតបញ្ជាក់ច្បាស់លាស់ពីមូលហេតុមិនព្រមបង់ថ្លៃនៅឡើយ គ្រាន់តែដឹងថាគ្រប់ការិយាល័យ Twitter ទូទាំងពិភពលោកកំពុងជួបបញ្ហានេះដូចៗគ្នា៕