កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន China Energy Investment Corporation បានទម្លាយថា ពួកគេទទួលបានការអនុញ្ញាត សម្រាប់ការសាងសង់រោងចក្រថាមពលវារីអគ្គិសនីនៅទីក្រុង Qinghai ពីគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន។
យោងតាមការចុះផ្សាយពី CNA បានទម្លាយថា រោងចក្រថាមពលវារីអគ្គិសនីថ្មីនេះ នឹងមានតម្លៃប្រហែល ១៧ ពាន់លានយ៉ន់ ឬប្រមាណ ២,៤៦ ពាន់លានដុល្លារ ខណៈការសាងសង់នឹងចាប់ផ្ដើមដំណើរការពេញលេញក្នុងឆ្នាំ ២០១៨។
ប្រភពដដែលបន្ថែមថា រោងចក្រនេះគឺធ្វើឡើងក្នុងគោលបំណងបំពេញតម្រូវការអគ្គិសនីកាន់តែខ្លាំង ដោយប្រើប្រាស់ថាមពលបូមទឹកពីអាងស្តុកទឹកពីខាងក្រោមទៅលើ និងបំប្លែងជាអគ្គិសនី។
សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ ការសាងសង់រោងចក្រថាមពលវារីអគ្គិសនីនៅចិន កំពុងមមាញឹកខ្លាំង ពោលទំនប់វារីអគ្គិសនីធំបំផុតទី ២ លើលោកទើបនឹងបញ្ចប់ការសាងសង់ថ្មីៗ ខណៈបច្ចុប្បន្នចិនក៏ជាប្រទេសសំបូរទំនប់វារីអគ្គិសនីច្រើនបំផុតលើលោកផងដែរ៕