រដ្ឋាភិបាលកូរ៉េខាងជើង បានដកតំណែងរបស់លោក Pak Jong Chon ដែលជាមន្ត្រីយោធាដ៏មានឥទ្ធិពលបំផុតទីពីរ បន្ទាប់ពីមេដឹកនាំកំពូល គីម ជុងអ៊ុន។ នេះបើតាមការចុះផ្សាយពីប្រព័ន្ធកាសែតរដ្ឋ។

តំណែងដែលលោក Pak ធ្លាប់ក្ដោបក្ដាប់គឺអនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សកម្មករ និងជាលេខាគណៈកម្មាធិការមជ្ឈិមបក្ស នឹងត្រូវបានជំនួសមកវិញដោយលោក Ri Yong Gil បន្ទាប់ពីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកាលពីសប្ដាហ៍មុន។

យោងតាមការចុះផ្សាយពី KCNA បានឲ្យដឹងថា មិនមានព័ត៌មានលំអិតនៃការដកតំណែងរបស់បុរសមានឥទ្ធិពលបំផុតទី ២ រូបនេះឡើយ ប៉ុន្តែជានិច្ចកាលរដ្ឋាភិបាលក្រុងព្យុងយ៉ាង តែងតែធ្វើការផ្លាស់ប្ដូរប្រព័ន្ធដឹកនាំក្នុងជួររដ្ឋាភិបាល អំឡុងកិច្ចប្រជុំប្រចាំឆ្នាំ។

សូមជម្រាបដែរថា ការផ្លាស់ប្ដូរតំណែងធំបំផុតមួយនេះ គឺធ្វើឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន អំពាវនាវឱ្យមានការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីបថ្មី និងឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងនេះ ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលជាគន្លឹះនៃយុទ្ធសាស្ត្រការពារប្រទេសសម្រាប់ឆ្នាំ ២០២៣៕