ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតនៅចិន China Evergrande បានប្រកាសថា នឹងសន្យាដោះស្រាយរឿងបំណុលនៅក្នុងឆ្នាំនេះ ស្របពេលក្រុមហ៊ុនខ្នាតយក្សក៏កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ជាមួយនឹងការរំពឹងខ្ពស់ពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យក្នុងស្រុក។

យោងតាមការចុះផ្សាយពី CNA បានបង្ហើបថា ប្រធានក្រុមហ៊ុន Hui Ka Yan បានប្រាប់ទៅកាន់ក្រុមបុគ្គលិកថា ឆ្នាំ ២០២៣ នេះគឺជាពេលវេលាសំខាន់បំផុតសម្រាប់ Evergrande ក្នុងការបំពេញទំនួលខុសត្រូវសម្រាប់សាជីវកម្ម និងធ្វើអ្វីតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់គម្រោងដែលបានគ្រោងទុក។

“ដរាបណាគ្រប់គ្នានៅ Evergrande រួមគ្នាជាធ្លុងមួយ មិនព្រមចុះចាញ់ និងព្យាយាមធ្វើការ ពួកយើងនឹងអាចសម្រេចតាមផែនការដែលគ្រោងទុក និងដោះស្រាយបំណុលគ្រប់យ៉ាង”។ នេះបើតាមសំណេររបស់ប្រធានក្រុមហ៊ុន Evergrande។

គួររំលឹកដែរថា បើទោះជាជាប់ឈ្មោះជាក្រុមហ៊ុនអចលនទ្រព្យជាប់បំណុលច្រើនបំផុតលើលោក ៣០០ ពាន់លានដុល្លារ ប៉ុន្តែ Evergrande មិនដែលចុះចាញ់ឡើយ ពោលកាលពីឆ្នាំទៅពួកគេបានបន្តធ្វើការនៅការដ្ឋាន ៧៣២ កន្លែង និងបញ្ចប់គម្រោងលំនៅឋាន ៣០១ ០០០ ខ្នង សម្រាប់អតិថិជន និងស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីដោះបំណុល៕