មុនបិទទំព័រឆ្នាំ ២០២២ លោក Phankham Viphavanh ដែលជាអតីតនាយករដ្ឋមន្ត្រីឡាវ បានប្រកាសលាលែងពីតំណែង ដោយសារបញ្ហាសុខភាពទ្រុឌទ្រោម ហើយសភាបានបោះឆ្នោតជ្រើសរើសអ្នកដឹកនាំថ្មី ដោយលោក Sonexay Siphandone ទទួលបានសម្លេងគាំទ្រស្ទើរទាំងស្រុង។
អាចនិយាយបានថា ការចូលកាន់អំណាចរបស់នាយករដ្ឋមន្ត្រីថ្មីនេះ មិនមែនចំពេលល្អឡើយ ពោលស្ថិតក្រោមការគ្រប់គ្រងប្រទេស ២ ឆ្នាំ ពីអតីតនាយករដ្ឋមន្ត្រី Viphavanh ប្រទេសឡាវជួបបញ្ហាជាច្រើនដូចជា មិនមានវិធានការទប់ស្កាត់កូវីដ ១៩ បានល្អកាលពីឆ្នាំ ២០២១ និងជួបវិបត្តិសេដ្ឋកិច្ចជាច្រើនកាលពីឆ្នាំទៅ។
យ៉ាងណា នាយករដ្ឋមន្ត្រីថ្មី Sonexay បានបង្ហើបថា លោកនឹងព្យាយាមធ្វើកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកឡើងវិញ ហើយជំហានដំបូង និងសំខាន់បំផុតនោះគឺ ត្រូវបញ្ចុះបញ្ចូលចិន ឲ្យយល់ព្រមពន្យារពេលសងបំណុល និងកាត់បន្ថយការប្រាក់ដែលឡាវសឹងតែមិនមានលទ្ធភាពទូទាត់បាន។
គួររំលឹកដែរថា ឡាវគឺជាប្រទេសនៅតំបន់អាស៊ីមួយដែលមានអត្រាអតិផរណាខ្ពស់បំផុត តម្លៃរូបិយប័ណ្ណមានការធ្លាក់ចុះលឿន ខណៈបំណុលក្រៅប្រទេសក៏ត្រូវរំពឹងថាអាចមានច្រើន ស្របពេលចិនគឺជាម្ចាស់បំណុលធំបំផុត។
ក្រឡេកមកមើលប្រវត្តិត្រកូល Siphandone បន្តិច គឺសុទ្ធសឹងតែជាអ្នកនយោបាយជាន់ខ្ពស់ ពោលឪពុករបស់ Sonexay ធ្លាប់ជាអតីតនាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីនៃប្រទេសឡាវ អំឡុងទសវត្សឆ្នាំ ១៩៩០ ហើយបច្ចុប្បន្នបើទោះជាលោកមានវ័យ ៩៨ ឆ្នាំ ក៏លោកនៅតែមានឥទ្ធិពលលើឆាកនយោបាយដែរ។
ដោយឡែក Sonexay វិញ មុនឡើងតំណែងជានាយករដ្ឋមន្ត្រី លោកធ្លាប់កាន់តួនាទីជាអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីវិនិយោគ ហើយបច្ចុប្បន្នបុរសវ័យ ៥៦ ឆ្នាំ គឺជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតមួយរូបប្រចាំប្រវត្តិសាស្ត្រឡាវ។
សូមជម្រាបដែរថា ការឡើងកាន់អំណាចរបស់លោក Sonexay ក៏មានផ្ទុះភាពចម្រូងចម្រាសបន្តិចផងដែរ ដ្បិតគ្រួសារត្រកូល Siphandone ធ្លាប់ត្រូវចោទប្រកាន់ថា ពាក់ព័ន្ធនឹងករណីពុករលួយ តែយ៉ាងណាក៏នៅមានមតិជាច្រើនរំពឹងថា លោក Sonexay អាចនឹងមិនដើរតាមគន្លងចាស់ និងអាចជួយស្រោចស្រង់សេដ្ឋកិច្ចក្នុងស្រុកឲ្យមានសន្ទុះឡើងវិញផងដែរ៕