កាលពីថ្ងៃទី ០៣ មករាកន្លងទៅ ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញ Amazon បានប្រកាសថា ពួកគេទទួលបានកិច្ចព្រមព្រៀងខ្ចីប្រាក់ ដែលមានទំហំប្រមាណ ៨ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី CNA។

ប្រភពដដែលបន្ថែមទៀតថា លក្ខខណ្ឌនៃការខ្ចីប្រាក់នោះគឺ សន្យាថានឹងត្រូវសងវិញក្នុងរយៈពេល ៣៦៤ ថ្ងៃ ជាមួយនឹងជម្រើសខ្ចីបន្ត ៣៦៤ ថ្ងៃទៀត ហើយកម្ចីមួយនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងសាជីវកម្មទូទៅ។

“ដោយសារភាពមិនច្បាស់លាស់នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពួកយើងបានរិះរកគ្រប់មធ្យោបាយដើម្បីធានាពីសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងការទូទាត់ការចំណាយផ្សេងៗដូចជា ការដោះបំណុលជាដើម”។ នេះបើតាមសម្ដីអ្នកនាំពាក្យ Amazon បានប្រាប់ទៅកាន់ Reuters។

គួររំលឹកដែរថា កាលពីឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចនៃក្រុមហ៊ុន Amazon មានការធ្លាក់ចុះខ្លាំង រហូតក្រុមហ៊ុនបង្ខំចិត្តកាត់បន្ថយការចំណាយផ្សេងៗ ផ្អាករើសបុគ្គលិកបន្ថែម និងមានបំណងកាត់បន្ថយបុគ្គលិករហូតដល់ ១០ ០០០ នាក់ឯណោះ៕